ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា ការលើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម ឱ្យមានសេរីភាពឡើងវិញ គឺស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញដែលមានធរមាន។
លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មាន KHHMER CM នៅថ្ងៃទី ៧ ខែមេសានេះ ថា តាមច្បាប់ លោក ឡាយ វណ្ណៈ មានបុព្វសិទ្ធិពិសេសរបស់គាត់ក្នុងការស្នើសុំទៅព្រះមហាក្សត្រ ឱ្យលើកលែងទោស និងការចោទប្រកាន់ណាមួយ និងស្នើសុំលើកលែងទោស ពេលណាក៏បានតាមការចាំបាច់របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ឱ្យដឹងដែរថា ការមិនលើកលែងទោសដល់សកម្មជនរបស់អតីតគណបក្សប្រឆាំង និង ក្រុមសហជីពមួយចំនួនរបស់ក្រុមប្រឆាំង ដែលកំពុងជាប់ទោស គឺមិនអាចទៅរួចឡើយ ព្រោះ អ្នកទាំងនោះ មិនបានទទួលស្គាល់កំហុស និងធ្វើការកែប្រែខ្លួន បើទោះបីសមត្ថកិច្ចមានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកក៏ដោយ។
លោកថ្លែងថា៖ « បើយើងគិតពីសមហេតុសមផល គេមិនទទួលស្គាល់ និងសារភាពកំហុស កែប្រែខ្លួនផង។ តើសុំឱ្យគេស្នើសុំលើកលែងទោសយ៉ាងម៉ិចកើត? ។ គេលើកលែងទោស គេពិចារណា លើការទទួលស្គាល់កំហុសរបស់ខ្លួន គាត់ធ្វើការកែប្រែ និងប្តេជ្ញាចិត្តក្នុងការធ្វើខ្លួនជាពលរដ្ឋល្អនៅក្នុងសង្គម» ។
លោកបន្តថា « ប៉ុន្តែ បើក្រុមយើងចិញ្ចឹមចិត្ត និងមហិច្ឆតា ក្នុងការបង្ករចលនានៅក្នុងសង្គម បែបនេះ និងមិនទទួលស្កាល់កំហុសរបស់ខ្លួន ។ ហើយធៀបជាមួយនឹង គេ មិនសមហេតុសមផលនោះទេ »។
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឲ្យ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានសរសេរថា «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»៕