ភ្នំពេញ ៖ បន្ទាប់ពីមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀន នៅក្នុងរោងដោល នៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិត ក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលថាមានទឹកលិចត្រឹមជង្គង់នោះ ពេលនេះក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ដោយសារ មានភ្លៀងធ្លាក់យ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពី សាលាមិនទាន់ ស្របពេលដែលសិស្សកំពុងរៀន។
តាមលិខិតបំភ្លឺ របស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា «សូមជម្រាបថា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្តាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុង រោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិត ក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពី សាលាមិនទាន់និងលិចរោងដោល ស្របពេលដែលគ្រូនិងសិស្សកំពុងបង្រៀននិងរៀន»។
ក្រសួងបន្ថែមថា ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀននិងរៀនជាធម្មតាវិញ។
បើតាមក្រសួងអប់រំ ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ខ្នង ១បន្ទប់ គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់, និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺ – សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សា ក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។
ក្រសួងសូមជម្រាបជូនបន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផងដែរ៕