ភ្នំពេញ៖ ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានឈ្មោះ ស៊ីន សេដ្ឋសុជ្ឈតា ហ៊ី ឌីណារក្ស និង អ៊ុក រ៉ូហ្សាណូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នេះ បានសរសេរលិខិតចំហរួមគ្នា មិនទទួលស្គាល់ បុគ្គលមួយចំនួន ដែលមាន លោក បឺត សំរ៉េច អតីតកីឡាគុនខ្មែរ បាន អះអាង ថា ជាកូនឬជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។
ក្នុងលិខិតចំហ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសបុក នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ បានសរសេរថា ៖ «ក្នុងនាមយើងខ្ញុំជាតំណាងរបស់ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា តាមព័ត៌មានកន្លងមកដែលយើងខ្ញុំទទួលបាន មានបុគ្គលមួយចំនួនបានអះអាង ថា ជាកូនឬជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត»។
លិខិតនេះ សរសេរបន្តថា៖ «យើងខ្ញុំបានតាមដានយ៉ាងយកចិត្ត ទុកដាក់ ទាំងព័ត៌មានកន្លងមកនិងព័ត៌មានថ្មីៗ ហើយយល់ឃើញថា ការលើកឡើងបែបនេះមានច្រើនករណី មកហើយ មិនមែនជាលើកទីមួយទេ ដូចមហាជនបានដឹង បានឮព័ត៌មានតាមបណ្ដាញសង្គមកន្លងមក ក៏ដូច ជាបច្ចុប្បន្ននេះ»។
លិខិតដដែលនេះ បន្ថែមថា៖«យើងខ្ញុំសូមបញ្ជាក់ថា ការអះអាងទាំងនេះ គឺពុំទាន់មានមូលដ្ឋានសំអាងប្រាកដប្រជានៅឡើយ។ មិនតែប៉ុណ្ណោះ ការអះអាងនិងការជជែកវែកញែកខ្លះ បណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តី ថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់អធិរាជសំឡេងមាស ព្រមទាំងភរិយានិងក្រុមគ្រួសារ និងបានធ្វើឱ្យមានមតិចម្រូង ចម្រាស់និងខ្វែងគំនិតគ្នា រហូតដល់ប្រើពាក្យអសុរោះនិងខ្វះសីលធម៌ទៀតផង។ យើងខ្ញុំសូមប្រកាសមិន ទទួលស្គាល់ចំពោះការអះអាងកន្លងមកនេះឡើយ»។
លិខិតដដែលនេះបញ្ជាក់ទៀតថា៖«ស្របពេលជាមួយគ្នានេះ ក៏មានបុគ្គលខ្លះបានជជែកវែកញែកអំពីសិទ្ធិលើកម្មសិទ្ធិបញ្ញា ដែលក្រុម គ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទទួលបានដោយស្របច្បាប់។ ករណីនេះ យើងខ្ញុំសូមទុកជូន អ្នកច្បាប់ឬមេធាវី បកស្រាយជូនមហាជន ដោយផ្អែកតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅពេលក្រោយ»។
លិខិតដដែលនេះ បន្ថែមថា៖«ដូច្នេះយើងខ្ញុំសូមអំពាវនាវដល់បុគ្គលមួយចំនួនដែលកំពុងបញ្ចេញមតិតាមបណ្ដាញសង្គម សូមមេត្តា បញ្ចេញមតិដោយប្រើពាក្យសម្តីសមរម្យ ថ្លៃថ្នូរ និងសមហេតុសមផល ប្រកបដោយសុភនិច្ឆ័យ ដើម្បីរក្សាបាន នូវសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាប្រទេសអច្ឆរិយមួយដែលមានវប្បធម៌ដ៏ល្អផូរផង់»។
លោក បឺត សំរ៉េច អតីតកីឡាគុនខ្មែរ បាននិយាយជាសាធារណៈគួរឱ្យភ្ជាក់ផ្អើលមួយ ថា លោក គឺជាជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ តែរឿងនេះ មានអ្នកខ្លះក៏ជឿ និង អ្នកខ្លះទៀត ក៏មិនជឿ ដែរ៕