ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន អញ្ជើញសម្តេចហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរបស់ខ្លួន និងស្នើបង្កើតស្ថានទូតកម្ពុជានៅទីនោះ

ភ្នំពេញ ៖ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា បានធ្វើការគោរព អញ្ជើញសម្ដេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរបស់ខ្លួននិងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួប រវាងសម្ដេចធិបតី ជាមួយ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើង ថែមទៀត ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម។

ឱកាសនោះផងដែរ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម «ក៏បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកផងដែរ៕