មនុស្សប្រហែល២លាននាក់នៅភាគនិរតីប្រទេសជប៉ុន ត្រូវបានជម្លៀសមុនព្យុះទីហ្វុងដ៏មានឥទ្ធិពលមកដល់

តូត្យូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK-World Japan បានឱ្យដឹងថា មនុស្សប្រហែល ២ លាននាក់នៅភាគនិរតីនៃប្រទេសជប៉ុនត្រូវបានបញ្ជាឱ្យជម្លៀសចេញ មុនពេលដែលព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនឹងវាយប្រហារតំបន់មួយនេះនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីអិនអិននៅថ្ងៃនេះ។

ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារភាគខាងត្បូង Kyushu ដែលជាកោះមួយក្នុងចំណោមកោះភាគនិរតីរបស់ប្រទេសជប៉ុន ជាពិសេសនៅក្នុងខេត្ត Kagoshima ។ NHK បានរាយការណ៍ថា “មន្រ្តីអាកាសធាតុបានចេញការព្រមានជាបន្ទាន់សម្រាប់ខ្យល់បក់បោកខ្លាំង រលកខ្ពស់ និងរលកព្យុះសម្រាប់ខេត្ត Kagoshima”។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលនេះអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនិងការកើនឡើងកម្ពស់ទឹក ការជន់លិចទន្លេ គ្រោះមហន្តរាយបាក់ដី និងការជន់លិចដីទំនាបជាដើម៕ ដោយ៖ វង្ស សំណាង