សៀមរាប៖ កម្ពុជា-អូស្រ្តាលី បានដាក់ឱ្យដំណើរការភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទំហំទឹកប្រាក់ ៨៧លាន ដុល្លារអូស្ត្រាលីជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីខាងលើនេះគឺធ្វើឡើងនៅខេត្តសៀមរាប ក្រោមវត្តមានចូលរួមភាគីកម្ពុជាតំណាងដោយលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ដោយឡែកភាគីអូស្ត្រាលីតំណាងដោយលោកព្រឹទ្ធសមាជិក Tin Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី១៧ កញ្ញា ម្សិលមិញនេះ។
ថ្លែងក្នុងពីធីនេះលោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ ទៅដល់របៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលគាំទ្រដល់ការស្ដារឡើងវិញភាពធន់ និងកំណែទម្រង់។ លោកថា កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគ សាធារណៈ និងឯកជន ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពចម្រុះ និងបរិយាបន្ន។
លោក បន្តថា តាមរយៈភាពជាដៃគូនេះ កម្ពុជារំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេសគ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្ត្រី កុមារ មនុស្សចាស់ ជនមានពិការភាព និងក្រុមងាយរងគ្រោះ នឹងមានជីវភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកព្រឹទ្ធសមាជិក Tin Ayres បានលើកឡើងថា កម្មវិធីនេះនឹងផ្ដោតសំខាន់ ខ្លាំងលើការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្ដោតលើសមភាពយេនឌ័រ ពិការភាព និង បរិយាបន្នសង្គម ផងដែរ។
សូមជម្រាបជូនថា កម្មវិធី CAP-RED ត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយ ទាំងវិស័យសាធារណៈ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្ដារឡើង វិញបន្ទាប់ពីជំងឺកូដ-១៩។ CAP-RED ជាកម្មវិធីថ្មី មានរយៈពេល៥ឆ្នាំ ដែលត្រូវបានបង្កើតឡើង ផ្អែកលើជំនួយជាង មួយទសវត្សរ៍របស់អូស្ត្រាលីដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី និងកម្មវិធីវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលទើបតែបានបញ្ចប់ថ្មីៗនេះ៕ ដោយ៖ វង្ស សំណាង