ប្រជាជន​រុស្ស៊ី​ កាន់តែច្រើន​ចេញមុខ​តវ៉ា​ចំពោះ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ខ្លួន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​

ប្រជាជន​រុស្ស៊ី​កាន់តែ​ច្រើនឡើង​ បាននាំគ្នា​ចេញ​តវ៉ា​ប្រឆាំងនឹង​វត្តមាន​ទាហាន​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន បើទោះបីជា​ពួកគេ​ទទួលរង​នូវ​កាត​រឹតត្បិត និង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ពួកគេ​យ៉ាងណា​ក៏ដោយចុះ​។ ពួកគេ​កាន់តែ​ច្រើនឡើង​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ប្រឆាំងនឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន ខណៈដែល​ទាហាន​រុស្ស៊ី​កំពុង​បិទ​នៅ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​។​

ការតវ៉ា​ពី​សំណាក់​ប្រជាជន​រុស្ស៊ី​តាម​ដងផ្លូវ​ទោះបីជា​តូច​ក៏ដោយ បាន​បន្ត​ឡើងវិញ​នៅក្នុង​រដ្ឋធានី​មូស្គូ និង​ទីក្រុង​ផ្សេងទៀត​របស់​រុស្ស៊ី​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​នេះ​។ ក្រុមអ្នកតវ៉ា​បាន​ដើរ​តាម​ដងផ្លូវ បើទោះបី​ជាមាន​ការចាប់​ឃុំខ្លួន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​។ ក្រុម​សិទ្ធិមនុស្ស​ដែល​តាមដាន​ការចាប់ខ្លួន​ផ្នែក​នយោបាយ បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស ៤៦០​នាក់​នៅក្នុង​ទីក្រុង​ចំនួន ៣៤ របស់​រុស្ស៊ី ត្រូវបាន​ឃុំខ្លួន ជុំវិញ​ការតវ៉ា​ប្រឆាំង​សង្គ្រាម​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ៍ ក្នុងនោះ​ជាង​២០០​នាក់​នៅ​ទីក្រុង​មូស្គូ​។​

​លិខិត​ថ្កោលទោស​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បន្ត​ធ្វើជា​ហូរហែ​។ បុគ្គលិក​ពេទ្យ​ជាង ៦​ពាន់ នាក់​បាន​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅលើ​លិខិត​នេះ​កាលពី​ថ្ងៃ​សៅរ៍​។ ដោយឡែក​មាន​ស្ថាបត្យករ និង​វិស្វករ​ជាង ៣,៤០០ នាក់​បាន​ចូលរួម​ផងដែរ ខណៈដែល​គ្រូបង្រៀន ៥០០ នាក់​បាន​ចុះហត្ថលេខា​លើ​លិខិត​នេះដែ​រ​។

​លិខិត​ស្រដៀង​គ្នា​នេះដែរ ក៏​ត្រូវបាន​អ្នកសារព័ត៌មាន សមាជិក​ក្រុមប្រឹក្សា​ក្រុង ឥស្សរជន​វប្បធម៌ និង​ក្រុម​វិជ្ជាជីវៈ​ផ្សេងទៀត បាននិងកំពុង​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក​៕​