អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក ហើយជាមួយគ្នានេះលោកថែមទាំងសើចចំអកឱ្យប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ ប៉ៃឌិន និងសម្ពន្ធមិត្ត ណាតូ បានធ្វើទង្វើល្ងង់ បើប្រៀបធៀបនឹងភាពឆ្លាតរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន រឿងអ៊ុយក្រែននេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ កុម្ភៈនេះ។
លោក ត្រាំ បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសុន្ទរកថានៅឯសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម (CPAC) កាលពីថ្ងៃសៅរ៍ ដោយលោកបាននិយាយថា “យើងជាប្រទេសឆ្លាត។ ឥឡូវនេះ យើងជាប្រទេសឆោតល្ងង់មួយ” ។ លោក ថា “រុស្ស៊ីគោរពអាមេរិក” នៅពេលដែលលោកកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែឥឡូវនេះ លោក ចូ បៃឌិន ត្រូវបានគេមើលឃើញថា “ខ្សោយ”។
បន្ថែមពីនេះទៀត លោក ក៏បានប្រកាសថា លោកគឺជាប្រធានាធិបតីអាមេរិកតែមួយគត់នៃសតវត្សទី ២១នេះ ដែលមិនត្រួតពិនិត្យសកម្មភាពយោធារបស់រុស្ស៊ីនៅបរទេស។
អតីតមេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា លោក ពូទីន បានធ្វើការសម្រេចចិត្តវាយប្រហារអ៊ុយក្រែនយ៉ាងឃោរឃៅបែបនេះ គឺបន្ទាប់ពីមេដឹកនាំរូបនេះ បានមើលឃើញពីការដកខ្លួនររបស់យោធាអាមេរិកពីអាហ្វហ្គានីស្ថាន កាលពីឆ្នាំមុន ហើយឥឡូវនេះមេដឹកនាំរុស្ស៊ីកំពុងលះលោក បៃឌិន ដូចជាស្គរអញ្ចឹង៕