ប្រជាពលរដ្ឋអ៊ុយក្រែនយ៉ាងហោចណាស់១៥ម៉ឺននាក់កាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ ម្សិលមិញនេះ ដោយខ្លះយូរវ៉ាលី និងដឹកដៃកូនៗរបស់ពួកគេ បានរត់ភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសជិតខាងរបស់ខ្លួន ដើម្បីគេចផុតពីការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ទាហានរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។
បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានឱ្យដឹងថា ជនភៀសខ្លួនអ៊ុយក្រែនទាំងនេះអ្នកខ្លះបានធ្វើដំណើរដោយថ្នល់ជើងច្រើនគីឡូដីទាំងពាក់កណ្តាលអធ្រាត្រ ហើយខ្លះទៀតធ្វើដំណើរតាមរថយន្ត ឡានក្រុង ជាឈរឆ្ពោះទៅកាន់ប្រទេសជិតខាងខ្លួនដើម្បីជៀសផុតពីការវាយប្រហាររបស់ទាហានរុស្ស៊ី។
សេចក្តីរាយការណ៍ដដែលបានបន្តថា ប្រជាពលរដ្ឋអ៊ុយក្រែនដែលរត់ភៀសខ្លួនទាំងនោះបានទទួលការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋជាប់ព្រំដែនរបស់ពួកគេ ញាតិមិត្ត និងមិត្តភក្តិរបស់ពួកគេ ទៅកាន់មជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដែលរដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំត្រៀមទុកហើយនោះ។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោកស្រី Joung-ah Ghedini-Williams បានឱ្យដឹងថា តួលេខនៃចំនួនជនភៀសខ្លួនអ៊ុយក្រែនគឺមានចំនួនប្រែប្រួលរហូត។ លោកស្រី ថា យ៉ាងហោចប្រជាពលរដ្ឋ១៥ម៉ឺននាក់បានរត់ភៀសខ្លួនពីប្រទេសពួកគេ ឬយ៉ាងហោចណាស់ក៏១០ម៉ឺននាក់និងប្រហែលជាច្រើនជាងនេះបានផ្លាស់ប្តូរលំនៅដ្ឋានពួកគេនៅអ៊ុយក្រែន។
បើតាមការព្យាករណ៍ពី UNHCR ប្រជាពលរដ្ឋអ៊ុយក្រែនរហូតដល់៤លាននាក់ នឹងអាចភៀសខ្លួនចេញពីប្រទេសពួកគេ ប្រសិនបើសង្គ្រាមឈ្លានពានពីសំណាក់ទាហានរុស្ស៊ីមកលើអ៊ុយក្រែននឹងមិនបិទបញ្ចប់ទេនោះ។ ដោយឡែកសម្រាប់ជនភៀសខ្លួនដែលបានរត់ភៀសខ្លួននោះភាគច្រើនជាស្រី កុមារ និងមនុស្សចាស់ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនបានហាមឃាត់បុរសដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ឆ្នាំមិនឱ្យចាកចេញពីប្រទេសខ្លួន។
ដោយឡែកបុរសជនជាតិអ៊ុយក្រែនមួយចំនួនបានធ្វើដំណើរចាកចេញពីប្រទេសប៉ូឡូញចូលមកក្នុងប្រទេសខ្លួនវិញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលខ្លួនកាន់អាវុធធ្វើការប្រឆាំងតបតទៅលើទាហានរុស្ស៊ីដែលឈ្លានពានចូលប្រទេសខ្លួនផងដែរ៕