រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធ្វើការចរចារគ្នាដោយសន្តិវិធី ស្របពេលទាហានរុស្ស៊ីកំពុងវាយលុកយ៉ាងខ្លាំងក្លាដើម្បីដណ្តើមកាន់កាប់រដ្ឋធានីគៀវ របស់អ៊ុយក្រែន ហើយទាហានអ៊ុយក្រែននៅតែប្រឹងតស៊ូតបតដោយមិនព្រមចុះចាញ់នោះ។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានចុះខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត។
សេក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ការជ្រើសរើសមធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហានេះ គឺជាការទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ាន “យើងជឿថានៅមិនទាន់អស់ឱកាសទេសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យវិវត្តដល់លែងគ្រប់គ្រងបាន”។
ប្រភពដដែល បានបន្តថា ដើម្បីភាពឋិតថេរនៃសន្តិភាព សន្តិសុខា ស្ថិរភាព និងការរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនា វាជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកលើអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្មើគ្នានៃប្រជាជាតិទាំងអស់៕