យោងតាមរយៈTwitter របស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈនេះថា បារាំង បានកំពុងបញ្ជូនសព្វាវុធ និងបរិក្ខារសឹកជាច្រើនមកកាន់ប្រទេសអ៊ុយក្រែន។ លោក ថា ជាមួយគ្នានេះដែរ បណ្តាប្រទេសលោកខាងលិចមួយចំនួន ក៏បានផ្តល់ជំនួយដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីទប់ទលនឹងការវាយសម្រុកយ៉ាងខ្លាំងរបស់ទាហានរុស្សី សំដៅមករដ្ឋធានីគៀវ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហោះវីដេអូរបស់ខ្លួនដោយប្រកាសថា៖ «សង្គ្រាមនឹងបញ្ចប់ ហើយយើងត្រូវតែធ្វើកិច្ចការនេះឲ្យបាន”។ ដោយឡែក លោក ហ្សេឡេនស្គី បានចាត់ទុកការផ្តល់ជំនួយរបស់បារាំងនេះថាជា “ថ្ងៃថ្មីនៃទំនាក់ទំនងការទូត បានចាប់ផ្តើម ហើយសម្ព័ន្ធប្រឆាំងសង្គ្រាមបាននិងកំពុងដំណើរការហើយ”។
សូមជម្រាបជូនថា ការផ្តល់ជំនួយសព្វាវុធនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ប្រធានាធីបតីអ៊ុយក្រែន បានសំដែងការខកចិត្តចំពោះ មេដឹកនាំអឺរ៉ុប ដែលមិនចាត់វិធានការណាមួយសោះ ដើម្បីបញ្ឈប់ការឈ្លានពានពីសំណាក់ទាហានរុស្ស៊ីមកលើអ៊ុយក្រែន។
គិតត្រឹមថ្ងៃទី៣ នេះ កងទ័ពរុស្សី បានសម្រុកចូលក្នុងប្រទេសអ៊ុយក្រែនកាន់តែជ្រៅ រហូតដណ្តើមកាន់កាប់ទីក្រុង Melitopol នៅតំបន់ Zaporizhzhya ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី។
ការដណ្តើមកាន់កាប់ទីក្រុងគៀវ គឺជាគោលដៅចម្បងបំផុតរបស់រុស្ស៊ី ដែលនៅពេលនេះ កំពុងបើការវាយប្រហារយ៉ាងខ្លាំង មកកាន់ទីក្រុងគៀវ សំដៅទីតាំងសំខាន់ៗជាច្រើនក្នុងទីក្រុងមួយនេះ រួមមានការប្រយុទ្ធតាមដងផ្លូវនានា និងការបាញ់មីស៊ីលផងដែរ។
មានរបាយការណ៍មួយចំនួនបានរាយការណ៍ថា ទាហានរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលការពារទីក្រុងគៀវ បានទម្លាក់អាវុធ និងសុខចិត្តចុះចាញ់។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមខាងលើ លោក ហ្សេឡេនស្គី បានចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ ដោយលោកបានផុសវីដេអូមួយ ដែលបង្ហាញពីវត្តមានរបស់លោក ក្នុងទីក្រុងគៀវ ដោយនិយាយថា “ខ្ញុំនៅទីនេះ យើងមិនទម្លាក់អាវុធទេ យើងនឹងការពារប្រទេសរបស់យើង”៕