លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៦ កុម្ភៈនេះ។
លោក ជុំ សុន្ទរី បាននិយាយនៅថ្ងៃនេះថា “ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់”។
សូមជម្រាបជូនថា បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តាប្រទេសនានាបានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕