លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា វាមិនយឺតពេលនោះទេក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើមេដឹកនាំអឺរ៉ុបធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយជាមួយគ្នានេះលោកអំពាវនាវឱ្យពលរដ្ឋទូទាំងអឺរ៉ុបតវ៉ា និងបង្ខំរដ្ឋាភិបាលរបស់ពួកគេឱ្យចាត់វិធានការកាន់តែម៉ឺងម៉ាត់លើរុស្ស៊ី។
លោក ហ្សេឡេនស្គី បាននិយាយថា “ខ្ញុំប្រាកដថា អ្នកទាំងអស់គ្នា គឺអឺរ៉ុបទាំងមូល បានឃើញវិនាសកម្មនេះ ហើយនៅពេលដែលអ្នកយឺតយ៉ាវក្នុងការជួយអ៊ុយក្រែន តើនៅពេលខាងមុខអ្នកនឹងការពារប្រទេសរបស់ខ្លួនរបៀបទៅ”។
ដោយឡែកមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញការព្រួយបារម្ភថា ទីក្រុងគៀវ របស់អ៊ុយក្រែន អាចធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ស្របពេលដែលទាហានរុស្ស៊ី បានវាយសម្រុកចូលក្នុងសង្កាត់មួយចំនួននៅភាគខាងជើង នៃរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន ព្រមទាំងបានដណ្តើមកាន់កាប់អាកាសយានដ្ឋាន Hostomel ដែលជាអាកាសយានដ្ឋានដ៏សំខាន់មួយក្បែទីក្រុងគៀវ។
ក្នុងស្ថានការណ៍បែបនេះ ប្រជាជនដែលរស់នៅក្នុងទីក្រុងគៀវ ជាច្រើនបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ មកជ្រកកោននៅក្នុងស្ថានីយរថភ្លើងក្រោមដីតាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។
សូមជម្រាបជូនថា រុស្ស៊ីបានឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដោយថ្ងៃទីមួយ រុស្សីបានបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់ដុនបាស (Donbass) នៃភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យ និងបានបន្តការរុកចូលកាន់តែជ្រៅចូលក្នុងប្រទេសអ៊ុយក្រែន តាមទិសដៅជាច្រើនផ្សេងៗគ្នា សំដៅទៅទីក្រុងសំខាន់ៗ ជាពិសេសទីក្រុងគៀវ តែម្តង។
នៅចំពោះមុខការវាយសម្រុកចូលយ៉ាងលឿនពីសំណាកទាហានរុស្ស៊ី មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡេនស្គី បានអំពាវនាវដល់កងទ័ពរបស់ខ្លួន ឲ្យខិតខំតស៊ូការពារទីក្រុងគៀវ និងបានសំដែងការខកចិត្តចំពោះ មេដឹកនាំអឺរ៉ុប ដែលមិនចាត់វិធានការណាមួយសោះ ដើម្បីបញ្ឈប់ការឈ្លានពានពីសំណាក់ទាហានរុស្ស៊ី៕