យ៉ាងហោចណាស់មនុស្សប្រមាណ ១,៧៤៥នាក់ ក្នុងក្រុងចំនួន៥៤ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ កុម្ភៈម្សិលមិញនេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេចេញមុខធ្វើការតវ៉ាចំពោះការលុកលុយរបស់ប្រទេសពួកគេទៅលើប្រទេសអ៊ុយក្រែនដែលបង្កឱ្យមានអ្នកស្លាប់និងអ្នករបួសជាច្រើនរយនាក់ ខណៈដែលការអំពាវនាវដ៏រំជួលចិត្តសម្រាប់ការតវ៉ាបានកើនឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅពេលដែលស៊ីរ៉ែនបានបំផ្ទុះនៅក្នុងទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន ហើយការផ្ទុះដ៏ធំត្រូវបានគេឮនៅទីនោះ និងនៅក្នុងទីក្រុងផ្សេងទៀត ប្រជាជនរុស្ស៊ីបានចុះហត្ថលេខាលើលិខិតចំហ និងញត្តិតាមអ៊ីនធើណេត ទាមទារឱ្យវិមានក្រឹមឡាំងបញ្ឈប់ការវាយប្រហារ ដែលប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា បានសម្លាប់ជនជាតិអ៊ុយក្រែនយ៉ាងហោចណាស់ ១៣៧នាក់ និងរងរបួសរាប់សិបនាក់ទៀត។
ជាកត់សម្គាល់ការចេញមុខតវ៉ាចំពោះវត្តមានទាហានរុស្ស៊ីលុកលុយប្រទេសអ៊ុយក្រែននេះ គឺមិនត្រឹមតែពលរដ្ឋនោះទេដែលប្រឆាំងសូម្បីតែអ្នកកាសែត អ្នកតស៊ូមតិសិទ្ធិមនុស្ស តារាល្បីៗ និងឥស្សរជនរុស្ស៊ីជាច្រើននាក់ រួមទាំងអ្នកធ្វើការនៅទូរទស្សន៍រដ្ឋមួយចំនួន បានបញ្ចេញមតិប្រឆាំងនឹងការវាយប្រហារនេះ។ ជាក់ស្តែងលោកស្រី Yelena Kovalskaya នាយកនៃមហោស្រពទីក្រុងមូស្គូដែលផ្តល់មូលនិធិដោយរដ្ឋ បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាងថា នាងនឹងលាឈប់ពីការងាររបស់នាងដោយនិយាយថា “វាមិនអាចទៅរួចទេក្នុងការធ្វើការឱ្យឃាតករហើយទទួលបានប្រាក់ខែពីគាត់” ។
ជាមួយគ្នានេះ អ្នកកាសែតចំនួនជាង២៥០នាក់បានដាក់ឈ្មោះពួកគេនៅលើលិខិតចំហមួយបដិសេធការឈ្លានពាននេះ។ លិខិតដោយឡែកមួយទៀតត្រូវបានចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រប្រហែល ២៥០ នាក់ ខណៈដែលសមាជិកក្រុមប្រឹក្សាក្រុងចំនួន ១៩៤ នៅទីក្រុងមូស្គូ និងទីក្រុងផ្សេងទៀតក៏បានធ្វើដូចគ្នានេះដែរ។
គួររំលឹកជូនថា មុនរុស្ស៊ីផ្តើមសង្គ្រាមនៅអ៊ុយក្រែន លោកប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យប្រជាជនរុស្ស៊ីជួយទប់ស្កាត់កុំឱ្យមានសង្គ្រាមកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយលោកបាននិយាយថា ពលរដ្ឋរុស្ស៊ីត្រូវបានគេកុហករឿងអ៊ុយក្រែន។ លោក ថា “តើអ្នកណាអាចបញ្ឈប់ (សង្គ្រាម) បាន? ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋទាំងនេះស្ថិតក្នុងចំណោមអ្នក ខ្ញុំប្រាកដ”៕