ប្រធានាធិបតីអ៊ុយក្រែនប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសខ្លួន

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានប្រកាសដាក់ចេញច្បាប់អាជ្ញាញសឹកនៅក្នុងប្រទេសខ្លួន បន្ទាប់ពីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈនេះ បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន។

ក្នុងសន្ទរកថាថ្លែងក្នុងប្រព័ន្ធវីដេអូ លោក ហ្សេលែនស្គី បាននិយាយថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្រោមការវាយប្រហារ។ ហើយបើយោងតាមក្រសួងមហាផ្ទៃអ៊ុយក្រែន ឃ្លាំងយោធា និងអាកាសយានដ្ឋានក្នុងរដ្ឋធានីរបស់ខ្លួនត្រូវបានវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី។

ដោយឡែកនៅទីក្រុងគៀវ ការផ្ទុះត្រូវបានគេឮនៅអាកាសយានដ្ឋានអន្តរជាតិ Boryspil និងកន្លែងផ្សេងទៀតនៅទូទាំងទីក្រុង ហើយដែនអាកាសរបស់ប្រទេសនេះត្រូវបានបិទសម្រាប់យន្តហោះស៊ីវិល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា រុស្ស៊ីបានជ្រើសរើសសង្គ្រាមដែលបានគិតទុកជាមុន ដែលនឹងនាំមកនូវមហន្តរាយ ការបាត់បង់ជីវិត និងការឈឺចាប់របស់មនុស្ស។
លោក សង្កត់ធ្ងន់ថា “ រុស្សីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ កើតចេញពីការវាយប្រហារនេះ ហើយអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនឹងរួមដៃគ្នាសម្រេចចិត្តធ្វើការឆ្លើយតបនឹងទង្វើមួយនេះរបស់រុស្សី។ ពិភពលោក នឹងឲ្យរុស្សីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនមួយនេះ”៕