ទាហានរុស្ស៊ីក្រោមការបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី២៤ កុម្ភៈនេះ បានបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់ដុនបាស (Donbass) នៃភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យ។ ដោយឡែកមេដឹកនាំអាមេរិក លោក ចូ បៃដិន បានចេញមុខថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីបែបនេះ និងថារុស្ស៊ីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ កើតចេញពីការវាយប្រហារនេះ។
លោក បៃដិន បានគូសបញ្ជាក់ថា “ការអធិដ្ឋានរបស់ពិភពលោកទាំងមូលគឺនៅជាមួយប្រជាជនអ៊ុយក្រែនក្នុងពេលនេះ ខណៈដែលពួកគេទទួលរងការវាយប្រហារដោយគ្មានការបង្កហេតុ និងអយុត្តិធម៌ដោយកងកម្លាំងយោធារុស្ស៊ី”។ លោក ថា លោក ពូទីន បានជ្រើសរើសសង្គ្រាមដែលបានគិតទុកជាមុន ដែលនឹងនាំមកនូវមហន្តរាយ ការបាត់បង់ជីវិត និងការឈឺចាប់របស់មនុស្ស។
លោក សង្កត់ធ្ងន់ថា “ រុស្សីតែម្នាក់ឯងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ កើតចេញពីការវាយប្រហារនេះ ហើយអាមេរិក រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនឹងរួមដៃគ្នាសម្រេចចិត្តធ្វើការឆ្លើយតបនឹងទង្វើមួយនេះរបស់រុស្សី។ ពិភពលោក នឹងឲ្យរុស្សីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនមួយនេះ”។
លោក បៃដិន បានបន្ថែមថា លោកកំពុងតាមដានស្ថានការណ៍ពីសេតវិមាន ហើយនឹងជួបជាមួយមេដឹកនាំ G7 ផ្សេងទៀតនៅពេលព្រឹក។ លោកបាន និយាយថា អាមេរិក និង សម្ព័ន្ធមិត្ត នឹងប្រជុំគ្នា ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី៕