លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន អះអាងថា គិតត្រឹមថ្ងៃទី១ នៃសង្គ្រាមចូលឈ្លានពានមកលើប្រទេសអ៊ុយក្រែន ដែលបង្កដោយរុស្សី កាលពីថ្ងៃទី២៤ កុម្ភៈ ម្សិលមិញនេះ ហើយបាននឹងកំពុងបន្តរហូតមកដល់ពេលនេះ បានធ្វើឱ្យទាហាននិងជនស៊ីវិលអ៊ុយក្រែនចំនួន១៣៧ បានស្លាប់ និង៣១៦ នាក់ផ្សេងរងរបួសធ្ងន់ និងស្រាល។
ប្រតិបត្តិការសឹកលើទឹកដីអ៊ុយក្រែននេះ គឺទាហានរុស្សី បានបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់ដុនបាស (Donbass) នៃភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ផ្តាច់ខ្លួនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យ។
វត្តមានទាហានរុស្សី ក្នុងទឹកដីអ៊ុយក្រែន ក្នុងថ្ងៃទី២ នេះ ត្រូវបានគេរាយការណ៍ថា បានបន្តការរុកចូលកាន់តែជ្រៅចូលក្នុងប្រទេសអ៊ុយក្រែន តាមទិសដៅជាច្រើនផ្សេងៗគ្នា សំដៅទៅទីក្រុងសំខាន់ៗ ជាពិសេសទីក្រុងគៀវ តែម្តង។ ក្នុងប្រតិបត្តិការនេះ រុស្សីបានប្រើប្រាស់ទាហានថ្មើរជើង តាមផ្លូវគោក និងការប្រយុទ្ធតាមផ្លូវអាកាស ចំណែកតាមផ្លូវទឹកវិញ វត្តមានរបស់នាវាចម្បាំងរុស្សីសមុទ្រខ្មៅ ក៏ត្រូវបានគេរាយការណ៍ថាមានផងដែរ។
ពាក់ព័ន្ធនឹងការឈ្លានពានចូលទឹកដីអ៊ុយក្រែនពីសំណាក់ពីប្រទេសរុស្ស៊ីនេះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនទាំងអស់ក្រោកឈរដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ លោក ក៏ប្រដូចទង្វើចូលឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីពេលនេះទៅនឹងទង្វើរបស់អាល្លឺម៉ង់ណាហ្ស៊ីក្នុងសម័យសង្គ្រាមលោកលើកទី២ផងដែរ៕