វិបត្តិ​អ៊ុយ​ក្រែ​ន​ ៖ រុស្ស៊ី​បញ្ជា​ឱ្យ​ទាហាន​ខ្លួន​ចូលទៅក្នុង​តំបន់​ចំនួន​ពីរ​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​កងទ័ព​រប​ស់​ខ្លួន​ឱ្យចូល​ទៅក្នុង​តំបន់​ចំនួន​ពីរ​ដែល​កាន់កាប់​ដោយ​ក្រុម​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​ទទួលស្គាល់ថា តំបន់​ទាំងពីរ​នោះ​គឺជា​រដ្ឋ​ឯករាជ្យ​។ ចំណែក​អាមេរិក​ចាត់ទុក​ទង្វើរ​បស់​រុស្ស៊ី​បែបនេះ គឺជា​លេស​ដើម្បី​បង្ក​សង្គ្រាម​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​។​

​លោក ពូ​ទីន បន្តថា កងទ័ព​រុស្ស៊ី​មិនទាន់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​តំបន់​ទាំងពីរ​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​ថា ការបញ្ជូន​ទាហាន​រប​ស់​ខ្លួន​ទៅ​តំបន់​ទាំងពីរ​នោះ គឺ​ដើម្បី​រក្សា​សន្តិភាព​ក្នុង​តំបន់​ដែល​ខ្លួន​បាន​គាំទ្រ​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។​

​ការប្រកាស​របស់​ប្រធានាធិបតី​រុស្ស៊ី​បែបនេះ ត្រូវបាន​ប្រទេស​ជាច្រើន​ចេញមុខ​ប្រកាស​ដាក់ទណ្ឌកម្ម​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​បែបនេះ​។​

​ប្រឈមមុខ​នឹង​ស្ថានការណ៍​បែបនេះ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានប្រកាស​ក្តែ​ងៗ​ថា ប្រទេស​របស់លោក​មិន​ខ្លាច​អ្វី​ទាំងអស់ ឬ​នរណា​នោះឡើយ​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី ប្រធានាធិបតី វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ (Volodymyr Zelenskyy) បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ឱ្យ​កាន់តែ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​សម្ព័ន្ធមិត្ត​អន្តរជាតិ​របស់ខ្លួន ខណៈដែល​ប្រទេស​លោក​កំពុង​ប្រឈមមុខ​កាន់តែខ្លាំង​ជាមួយ​រុស្ស៊ី​នៅពេលនេះ​។​

​លោក បាន​សង្កត់ធ្ងន់ថា “​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​មើលឃើញថា តើន​រណា​ជា​មិត្ត​ពិត និង​ដៃគូ​របស់​យើង ហើយ​អ្នកណា​នឹង​បន្ត​បន្លាច​សហព័ន្ធរុស្ស៊ី​ដោយ​ប្រើពាក្យ​តែប៉ុណ្ណោះ​”៕​