ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២២ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាពិសេស ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង និងសូមកុំប្រមាថថា វីរុសអូមីក្រុងនេះមិនបណ្តាលឱ្យមនុស្សស្លាប់នោះ។
សម្តេច បានសង្កត់ធ្ងន់ថា “ប៉ុន្តែនៅពេលដែលសរីរាង្គយើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបសគ្គ។ អញ្ចឹងទេខ្ញុំសុំអំពាវនាវ និងអង្វរករប្រជាពលរដ្ឋរបស់យើងបន្តប្រកាន់ខ្ជាប់នូវវិធានការបីកុំបីការពារតទៅ”។ សម្តេច ថា សូមកុំគិតថា ខ្លួនបានទទួលបានវ៉ាក់សាំងដូសទីពីរ ទីបី និងទីបួន ហើយគិតថាវាមិនឆ្លង គឺវានៅតែឆ្លង។
ទន្ទឹមគ្នានេះដែរ សម្តេចក៏បានអំពាវនាវផងដែរ ដល់អាណាព្យាបាលទាំងអស់នាំកូនចៅដែលមានអាយុចាប់ពីបីឆ្នាំឡើងទៅ សូមទៅទទួលយកការចាក់វ៉ាក់សាំងដែលផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានរៀបចំឡើងនៅថ្ងៃទី២៣ កុម្ភៈស្អែកនេះ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានភាពស៊ាំដោយសារវីរុសកូវីដ១៩ ប្រភេទអូមីក្រុង គឺចាប់ផ្តើមវាយលុកទៅលើកុមារដែលមានអាយុក្រោម៥ឆ្នាំ ដែលចំនួនអ្នកឆ្លងគឺមានប្រមាណជាង២០ភាគរយ នៃកុមារដែលមានអាយុក្រោម៥ឆ្នាំ ដែលនេះគឺជារឿងដែលគួរឱ្យព្រួយបារម្ភ។
សម្តេច បានបន្ថែមថា កម្ពុជាត្រូវបន្តការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះបន្តទៀត។ សម្តេច ថា ការការពារបានឬមិនបានវាមិនចម្រុះទៅលើវិធានការរបស់រដ្ឋាភិបាលតែឯងនោះទេ វាចម្រុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗធ្វើឬមិនធ្វើដោយសារតែគ្មានមនុស្សណាម្នាក់ទៅឈឺជំនួសនោះទេ៕