ស្វាយរៀង៖ សមត្ថកិច្ចជំនាញ នឹងដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ ចំនួន៤កុងតឺន័រនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បន្ទាប់ពីបង្ក្រាប បាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សេចក្តីរាយការណ៍នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថា «ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង ៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើប នៅថ្ងៃទី៣ កុម្ភៈនេះ បាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីត្រៀមដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤»។
ជាមួយគ្នានេះ នៅកន្លែងជីករណ្ដៅត្រៀមដុតជើងមាន់កម្ទេចចោល ក៏មានវត្តមានមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ការពារយ៉ាងតឹងរឹងផងដែរ។
របាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។
ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រ នៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង ៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ៕