ភ្នំពេញ៖ បន្ទាប់ពីឃើញប្រជាពលរដ្ឋខ្មែរមួយចំនួន បានធ្វើការបរិភោគសាច់សុនខ(ឆ្កែ)យ៉ាងអនាធិបតេយ្យ ដែលជាទង្វើមួយមើលទៅមិនសមរម្យនោះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការគូសបញ្ជាក់ថា ក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់នៅកម្ពុជា ក្នុងការរៀបចំច្បាប់ជាតិមួយ ហាមឃាត់ការបរិភោគសាច់ឆ្កែ ដូចបណ្តាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកដែរ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកហេង រតនា បានថ្លែងថា លោក ពិតជាមានក្តីរន្ធត់ និងសង្វេគខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគក្លែមស្រា ដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ!។
លោក បន្តថា លោកពិតជាក្ដីសង្វេគ និងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃស្ត្រីខែ្មរដ៏ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។
ជាមួយគ្នានេះ លោក ហេង រតនា បញ្ជាក់ថា អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រឡាញ់សត្វឆ្កែ ជាសហការីដ៏ស្មោះត្រង់និងកម្លាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងនូវការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។ ស្របពេលជាមួយគ្នានេះផងដែរ ប្រធានអគ្គនាយកស៊ីម៉ាក់រូបនេះ ក៏បានធ្វើការ សំណូមពរដល់ កម្លាំងមានសមត្ថកិច្ចពាក់ពន្ធ័ ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ ឱ្យជួយចាត់វិធានការអប់រំ ចំពោះមុខសញ្ញាល្មើសខាងលើផងដែរ។
លើសពីនេះទៀត អគ្គនាយករូបនេះ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា «វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យើង ក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយ ហាមឃាត់ការបរិភោគសាច់ «សុនខ» ដូចបណ្តាប្រទេសចម្រើនជឿនលឿនមួយចំនួនលើពិភពលោកនេះ»។ ជាងនេះទៀត លោកប្រធានបន្ថែមថា សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ ហាមបរិភោគសាច់«សុនខ» ដែលជាប្រយោជន៍ ដើម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ៕