លោក ស៊ុន ចាន់ថុល ស្នើឱ្យប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ និងឯកជន ប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា  ខណៈដែលកម្ពុជាមានច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគថ្មីដែលបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាវិនិយោគិនខ្មែរ ឬបរទេស។

លោក ស៊ុន ចាន់ថុល បានស្នើបែបនេះ នៅទី០៨ ខែមេសា ឆ្នាំ២០២៤ ក្នុងពេលលោកឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលមានការចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធប្រមាណ ២៥០រូប។

ក្នុងសុន្ទរកថាគន្លឹះរបស់លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

លោក ស៊ុន ចាន់ថុលបន្ថែមថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។

ជាលទ្ធផលនៃសិក្ខាសាលានេះ អនុញ្ញាតឱ្យអ្នកចូលរួមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងទទួលស្គាល់លើការប្រើប្រាស់ភាសាតែមួយ សម្លេងតែមួយសម្រាប់ការចែករំលែកព័ត៌មាននៃសក្ដានុពលរបស់កម្ពុជាទាក់ទាញវិនិយោគិន ស្របតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ អង្គពិធីបានឯកភាពលើការសហការពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដារាជធានី-ខេត្តទាំង២៥។

ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ ជាពិសេសធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។

សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក៕