កម្ពុជាឱ្យក្រុមហ៊ុន Cambodia Airports ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី

ភ្នំពេញ៖ កម្ពុជាបានចុះហត្ថលេខាយោគយលល់ និងបន្តបើកផ្លូវ ក្រុមហ៊ុន Cambodia Airports បន្តកិច្ចសហការនៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលជាព្រលានយន្តហោះថ្មីថែមទៀត ក្រោយអាកាសយានដ្ឋានេះ សាងសង់រួចរាល់។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក Cyril GIROT អគ្គនាយកក្រុមហ៊ុន Cambodia Airports (ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន VINCI Airports ប្រចាំកម្ពុជា)នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយស្តីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុងព្រះសីហនុ ដោយមានវត្តមានចូលរួមផងដែរពីលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំកម្ពុ ជា។

អនុស្សរណៈខាងលើបើកផ្លូវឱ្យមានការបន្តភាពជាដៃគូដ៏យូរលង់រវាងភាគីទាំងពីរ ដែលបានចាប់ផ្តើមកាលពីឆ្នាំ១៩៩៥។ ក្នុងន័យនេះ ក្រុមហ៊ុន Cambodia Airports នឹងក្លាយទៅជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលជាព្រលានយន្តហោះថ្មីរបស់រាជធានីភ្នំពេញ នៅពេលព្រលានយន្តហោះនេះត្រូវបានដាក់ឱ្យដំណើរការ។

អនុស្សរណៈក៏បានចែងផងដែរអំពីការបញ្ចប់កិច្ចពិភាក្សាដែលកំពុងដំណើរការស្តីពីការបន្តថិរវេលាសម្បទានព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ដែលក្រុមហ៊ុនវ៉ាំងស៊ីកំពុងធ្វើប្រតិបត្តិការតាំងពីឆ្នាំ២០០៦។

ក្រុមហ៊ុន VINCI Airports ធ្វើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ២០០០ ដោយចូលរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងខ្លាំងនៃអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ដែលជាវិស័យសំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍៕