ភ្នំពេញ៖ សហគ្រាស CHN ENERGY កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះ បើតាមជំនួបពិភាក្សារវាងលោក អាយ ស៊ាង តំណាង សហគ្រាស CHN ENERGY និង លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោក អាយ ស៊ាង តំណាង សហគ្រាស CHN ENERGY បានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជាគឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។
ជាការឆ្លើយតប លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាសក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំគួរឱ្យកត់សម្គាល់ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ហើយសកម្មភាពវិនិយោគលើវិស័យនេះមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះលោក បានធ្វើការណែនាំជូនភាគីមិត្តឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕