ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារ ការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រ ពង្រឹងសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងគ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ។
លោក ឈាង រ៉ា បានស្នើបែបនេះ បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ី របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
នាឱកាសនោះ លោក ឈាង រ៉ា បានសង្កត់ថា បន្តជួយបណ្តុះបណ្តាលឆ្មបគឺ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ លោក ឈាង រ៉ា បានលើកឡើង អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNFPA បន្តរក្សា និងពង្រីកគោលដៅ សកម្មភាពការងារដែល UNFPA កំពុងជួយនៅខេត្តទាំង ៨ នៃតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតានិងសុខភាពបន្តពូជ និងវ័យជំទង់ និងយុវជន ដោយសូមគិតដល់ការរួមបញ្ជូលសេវាថែទាំសុខភាពបឋមផងដែរ ជាពិសេស ជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដែលមិនបានទទួលសេវាសុខភាព ដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពជូនពួកគាត់។
បើតាម លោក ឈាង រ៉ាងអង្គការ UNFPA ប្រចាំតំបន់អាស៊ី ក៏ដូចជា UNFPA ប្រចាំប្រទេសកម្ពុជា បានសហការគាំទ្រក្រសួងសុខាភិបាល ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដូចជាការអភិវឌ្ឍធនធានមនុស្សសុខាភិបាល នាពេលកន្លងមក។
លោក Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់ បានលើកឡើងថា UNFPA បានចាប់ផ្តើមការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រសួងសុខាភិបាលលើកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ផែនការគ្រួសារ ការងារពាក់ព័ន្ធនឹងហឹង្សាផ្អែកលើយេនឌ័រ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេច SDG មុនកាលបរិច្ឆេទកំណត់ ៕