គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំកោតសរសើរកម្ពុជាក្នុងកិច្ចខិតខំ និងទទួលស្គាល់នូវឆន្ទៈនិងការប្តេជ្ញាចិត្តអនុវត្តអនុសញ្ញា

គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងនូវការកោតសរសើរដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំ និងទទួលស្គាល់នូវឆន្ទៈនិងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា ព្រមទាំងការ ពន្យល់ និងការឆ្លើយតបបានយ៉ាងល្អ ដែលធ្វើឱ្យកិច្ចសន្ទនាបែបស្ថាបនាលើរបាយការណ៍ជាតិលើកដំបូង របស់កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំកាន់តែមាន អត្ថន័យ។  នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូងនៃ ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បញ្ជាកថា  បន្ថែមពីលើនេះ គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ បានត្រៀមលក្ខណៈរួចរាល់ក្នុង ការផ្តល់កិច្ចសហប្រតិបត្តិការជាជំនួយបច្ចេកទេសជូនចំពោះកម្ពុជា ដើម្បីសម្រួលដល់ការអនុវត្តអនុសញ្ញា អន្តរជាតិនេះឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានលោក នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកស្រី ឡុង សូនីតា រួមទាំងលោក  ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិលើកដំបូង របស់កម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ ជាយន្តការប្រក្រតីមួយរបស់គណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួន ដោយបង្ខំ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាដោយ រដ្ឋភាគី។ ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្ស នោះទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និង សមាជិកសមាជិកានៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវឧត្តមានុវត្ត បទពិសោធ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ដោយរួមទាំងទិសដៅការងារ និងលទ្ធភាពនៃ ការធ្វើកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញា នៅក្នុងរដ្ឋភាគី។

នៅក្នុងកិច្ចសន្ទនារយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកានៃគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួន ដោយបង្ខំ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដាក់របាយការណ៍ ជាតិលើកដំបូង ដោយបានពន្យល់ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលធានានូវការអនុវត្តស្របតាមបទប្បបញ្ញត្តិចែងក្នុងអនុសញ្ញានេះ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏បានលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ពលករទេសន្តរប្រវេសន៍ ការប្រឆាំងការជួញដូរមនុស្ស ឯករាជ្យភាព តុលាការ ប្រព័ន្ធយុត្តិធម៌អនីតិជន ជាដើម។

ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការ ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហា ដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយនិងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនិងការអនុវត្តច្បាប់ ព្រមទាំងបានបង្ហាញ ពីវឌ្ឍនភាពនិងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយនិងការពារសិទ្ធិមនុស្ស និង ការកសាងថែរក្សាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ ដែលកើតចេញពី ចក្ខុវិស័យនិងគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេ ហ៊ុន សែន និងការ ដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕