ភ្នំពេញ៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានលើកឡើងថា បញ្ជីទីតាំងការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបិទផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសាលាឃុំ សង្កាត់ ហើយបញ្ជីនេះមានបញ្ជាក់អំពីការិយាល័យចុះឈ្មោះបោះឆ្នោត ផងដែរ។
លោក មាន សទិ បានលើកឡើងបែបនៅក្នុងពេលលោក ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ ការបញ្ជាក់តាមឋានានុក្រម និងបញ្ជូនមក គ.ជ.ប និងការកែតម្រូវបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
លោក មាន សទិ បន្ថែមទៀតថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ។ ប៉ុន្តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅ លគធ.ខប និងទីប្រជុំជនក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយ ត្រូវបញ្ចប់នៅថ្នាក់ គ.ជ.ប។
ជាមួយគ្នានោះ លោក មាន សទិ បានមានប្រសាសន៍អំពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោតទៀតថា បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមក្រុង ស្រុក ខណ្ឌនីមួយៗ ដែលអ្នកបោះឆ្នោតគឺជាក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗនៅទូទាំងប្រទេស។
លោក បន្តថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃ គណៈអភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
លោក មាន សទិ បានមានប្រសាសន៍បន្តទៀតថា គ.ជ.ប ត្រូវណែនាំគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យផ្សព្វផ្សាយជាសាធារណៈអំពីរយៈពេល និងកាលបរិច្ឆេទ ព្រមទាំងប្រតិទិនសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតាមការិយា- ល័យចុះឈ្មោះបោះឆ្នោត នៃអង្គបោះឆ្នោតនីមួយៗ ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនពេលចាប់ផ្ដើម។ បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងក្របខណ្ឌ ក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តនីមួយៗ ត្រូវបានរៀបចំតាមអក្ខរក្រមនៃឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងនៃការិយាល័យ បោះឆ្នោតនីមួយៗ។ អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និង គធ.ខប មានលទ្ធភាពសង្កេតការណ៍ ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។
អំពីការកែតម្រូវបញ្ជីបោះឆ្នោត លោក មាន សទិ បានមានប្រសាសន៍ថា ក្នុងការរៀបចំបញ្ជីបោះឆ្នោត ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ត្រូវមានវត្តមាននៅការិយាល័យ ចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅក្នុងសាលាឃុំ សង្កាត់។ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំចៅ សង្កាត់ ត្រូវថតចម្លងបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងបង្គ្រប់ចំនួន ៥ច្បាប់ រួចចុះហត្ថលេខា កាលបរិច្ឆេទ និងបោះត្រា រដ្ឋបាលឃុំ សង្កាត់ ហើយចាត់ចែងបញ្ជូនមក គ.ជ.ប ដែលក្នុងនោះត្រូវរក្សាទុកជាឯកសារ ១ច្បាប់ និងផ្ញើ ៤ច្បាប់ ដើម្បីស្នើសុំការបញ្ជាក់ឯកភាពតាមលំដាប់ឋានានុក្រមពីអភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។ ក្នុងករណីមានការផ្លាស់ប្ដូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលើកសំណើដោយមានការបញ្ជាក់ ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោតយ៉ាងតិច ២ថ្ងៃ មុនថ្ងៃបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង។
ភាគីដែលចូលរួមក្នុងកិច្ចប្រជុំនោះបានលើកឡើងអំពីការរៀបចំបញ្ជីបេក្ខជនតាមទម្រង់ ១០០៨ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ថា មានឃុំ សង្កាត់ខ្លះ តម្រូវឱ្យសាមីខ្លួនទៅបង្ហាញខ្លួននៅពេលធ្វើលិខិតបញ្ជាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយសុំឱ្យ គ.ជ.ប ជួយសម្រួលអំពីបញ្ហានេះ ។
គ.ជ.ប បានបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខាងមុខ ការរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយមានពេលវេលាគ្រប់គ្រាន់។ ចំពោះការដែលឃុំ សង្កាត់ខ្លះទាមទារឱ្យសាមីខ្លួនទៅបង្ហាញខ្លួននោះ គ.ជ.ប យល់ឃើញថា ជាការងារត្រង់ទៅត្រង់មក ពីព្រោះថា ក្នុងការបោះឆ្នោតកន្លងមកមាន គណបក្សនយោបាយខ្លះ បានយកឈ្មោះបេក្ខជន មកចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដោយសាមីខ្លួនពុំបានដឹងខ្លួនទាល់តែសោះ។ នៅពេលបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សាមីខ្លួនបានប្តឹងសុំឱ្យលុបឈ្មោះខ្លួនចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើមានបញ្ហាអ្វី សូមគណបក្សទាក់ទងទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីពួកគាត់ជួយសម្របសម្រួល។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕