កម្ពុជា-JCI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌

ភ្នំពេញ៖ កម្ពុជា-សភាយុវពាណិជ្ជករអន្តរជាតិ(JCI) បានធ្វើការប្ដេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សំដៅជំរុញទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌។ នេះបើយោងតាមជំនួបរវាងលោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយតំណាងសភាយុវពាណិជ្ជករអន្តរជាតិ(JCI) ពីបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយ លោក លី ឧត្ដម ប្រធាន JCI ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស។

ក្នុងជំនួប ភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីសារៈសំខាន់នៃការងារការទូតសេដ្ឋកិច្ច និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សំដៅជំរុញទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងផ្លាស់ប្តូរវប្បធម៌។

ជាមួយគ្នានោះ លោក អនុរដ្ឋលេខាធិការ ក៏បានបង្ហាញការគាំទ្រយ៉ាងមុតមាំដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាទតំបន់អាស៊ី-ប៉ាស៊ីហ្វិក (2024 JCI ASPAC Angkor) ក្នុងឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ស្របជាមួយយុទ្ធនាការ «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រឹត្តិការណ៍នេះនឹងបង្កើតជាឱកាសដ៏សំខាន់ដើម្បីបង្ហាញទៅដល់ពិភពលោក ពីបរិយាកាសអំណោយផលនៃសក្តានុពលសេដ្ឋកិច្ចកម្ពុជា ភាពសម្បូរបែបនៃសម្បត្តិវប្បធម៌ និងជាទិសដៅប្រកបដោយភាពទាក់ទាញដល់ការវិនិយោគពីបរទេសនៅក្នុងតំបន់៕