លោក កែវ រ៉េមី៖ បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយ ដែលឈានមុខគេ ក្នុងការចូលរួមធ្វើកិច្ចសហប្រតិបត្តិការ ជាមួយយន្តការសិទ្ធិមនុស្សរបស់UN

អាមេរិក៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា បច្ចុប្បន្ន កម្ពុជាជាប្រទេសមួយដែលឈានមុខគេ ក្នុងការចូលរួមនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN)។

ក្នុងឱកាសចូលរួមខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងបង្ហាញពីការប្តេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី «ការពង្រឹងការគាំពារសង្គម» កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ លោក កែវ រ៉េមី បានថ្លែងថា «នាពេលបច្ចុប្បន្ន កម្ពុជាជាប្រទេសមួយដែលឈានមុខគេ ក្នុងការចូលរួមនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។

ជាមួយគ្នានោះ លោក កែវ រ៉េមី បានបញ្ជាក់ថា ប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិតាំងនៅ មុនគេនិងយូរជាងគេបង្អស់ ក្រៅពីនៅទីក្រុងហ្សឺណែវ និងបានទទួលយកអាណត្តិ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចាប់តាំង ពីឆ្នាំ១៩៩៣មក ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ និងកាតព្វកិច្ចនៃសន្ធិសញ្ញាផ្សេងៗ។ ប្រទេសកម្ពុជា ក៏ជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ស្នូលចំនួន៨ ក្នុងចំណោម៩។

លោកបន្ថែមថា ខុសពីអតីតកាលដ៏គួរឱ្យតក់ស្លុត (របបប្រល័យពូជសាសន៍ខ្មែរក្រហម) ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានសន្តិភាព ស្ថិរភាព កំណើនថាមវន្ត និងមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ប្រជាជនជាច្រើនលាននាក់ បានរួចផុតពីបន្ទាត់នៃភាពក្រីក្រ ទទួលនូវភាពរីករាយជាមួយនឹងជីវភាពសមរម្យ ទទួលបានការអប់រំ ទទួលបាន ការគាំពារសង្គមល្អប្រសើរ និងមានអាយុមធ្យមសង្ឃឹមរស់ពី៥៩ឆ្នាំ ទៅ៧៧ឆ្នាំ ដោយសារគុណូបការៈដ៏ធំធេងនៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា។

លើសពីនេះទៀត ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល ក្នុងនោះ «ការពង្រឹងការគាំពារសង្គម» ត្រូវបានចាត់ទុកជាការងារអាទិភាព។ កម្ពុជានឹងផ្តោតលើ ការពង្រីកសេវា ថែទាំសុខភាពដែលគ្រប់ដណ្តប់ប្រជាជន៩លាននាក់ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារ ក្រីក្រចំនួន១,៥លាននាក់ ការពង្រីកសេវាអ៊ីនធឺណិតដល់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីឆ្នាំ ២០២៤ និងការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិនៅមុនឆ្នាំ២០៣០។ ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកលនិងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុង ការធ្វើការងារឱ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នាផងដែរ៕