រដ្ឋមន្ត្រីការងារ នឹងជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន៣%

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣ភាគរយចូលក្នុងប្រតិបត្តិការ។ ការថ្លែងរបស់លោក ហេង សួរ បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទបញ្ចប់គម្រោងស្តីពីទីផ្សាការងារប្រកបដោយបរិយាបន្នគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព កាលពី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ការជំរុញរបស់ ហេង សួរ គឺស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។

លោក ហេង សួរ បានគូសបញ្ជាក់ថា  នឹងបន្តធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀតដើម្បីបង្កលក្ខណៈ បត់បែនសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែមទៀតទៅតាមជំនាញផ្សេងទៀតដូចជា៖ អ្នកទទួលនិងលើកទូរស័ព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យជនមានពិការភាពអាចសម្លឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានបន្ថែមថា ទោះបីជាបែបណាក៏ដោយ  ក៏លោក លើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជំនះរាល់ការលំបាកនានាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមជាតិ ដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕