ភ្នំពេញ៖ ចាប់ពីខែមិថុនា ឆ្នាំ២០២១ មក កម្ពុជាផលិតបានមាសដុំ (១០៤០ដុំ) គិតជាទម្ងន់ជិត៩ តោន បើគិតជាប្រាក់ចំណូលបានជាង ១៤,៤ លានដុល្លារពីក្រុមហ៊ុនរុករករ៉ែនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះ បើតាមវេទិកាពិភាក្សាស្តីពី « គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ប្រភពដដែលនេះ បន្តថា ដោយឡែក ទាក់ទងនឹងវិស័យថាមពល កម្ពុជាផលិតថាមពលកកើតឡើងវិញ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេសមានបរិមាណជាង៦២%នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។ ពោលគឺថាមពលដែលបានមកពីប្រភព៖ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។
គោលការណ៍របស់អាស៊ាន គឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញឱ្យបាន៣៥% នៅឆ្នាំ២០៣០ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។
បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ៤០០០ មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ ២៤០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត ដូច្នេះកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគត ក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។
រីឯភ្នំវិញនឹងរក្សាលែងឱ្យទំពែក ឬឆកដោយសារយកថ្មទៀតហើយ លើកលែងភ្នំមួយចំនួនដែលមានច្បាប់អនុញ្ញាតិរួច។ នេះបើយោងតាមការថ្លែងឱ្យដឹងរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅឯវេទិកាស្តីពី “គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕