ភ្នំពេញ៖ លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហាអ៊ុយក្រែន។លោកPatrick Murphyថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។
ជាមួយគ្នានោះ លោក Patrick Murphy បានធ្វើការកោតសរសើរ និង អរគុណដល់ប្រទេសកម្ពុជា ដែលបានបោះឆ្នោតគាំទ្រការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហាអ៊ុយក្រែន។ សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លងមក សហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។
លោក Patrick Murphy បានគូសបញ្ជាក់ថា អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ យ៉ាងណាមិញ អាមេរិកស្នើឱ្យកម្ពុជាបង្កើនការនាំចូលផលិតផលពីអាមេរិកមកកាន់ទីផ្សារកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា អាមេរិកនឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនឱ្យមកទស្សនានៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកជួយអភិវឌ្ឍ និង អភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងឱ្យមានប្រគល់ត្រលប់ជូនប្រទេសកម្ពុជា ជាម្ចាស់ដើមវិញ។
ស្របពេលជាមួយគ្នានោះផងដែរ ភាគីអាមេរិក ក៏បានសម្ដែងនូវការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមសហការក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិកនៅកម្ពុជា។
ជាការឆ្លើយតប លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មាន ភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិក ពិតជា មានសារៈសំខាន់ចំពោះ កម្ពុជា ហើយកម្ពុជាពិតជាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា-អាមេរិកកាន់តែប្រសើរឡើង ដើម្បីផលប្រយោជននៃប្រទេសទំាងពីរ។
លោក វង្សី វិស្សុត បន្តថា កម្ពុជា និងអាមេរិកមាន ចំណុច ជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទាំងសងខាង ។ ជាមួយគ្នានោះលោកវង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយកម្ពុជាមិនគាំទ្ររាល់ទង្វើបំពានណាមួយរបស់ប្រទេសធំៗ មកលើប្រទេសទន់ខ្សោយ និងរំលោភច្បាប់អន្តរជាតិនោះទេ។
លើសពីពីនេះទៀត លោក ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងរបស់កម្ពុជា សហរដ្ឋអាមេរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ក៏បានស្នើសុំភាគីអាមេរិក ជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិក ឱ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បន្ថែមពីនេះទៀត លោកក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរអាមេរិក ទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិ នៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»៕