ភ្នំពេញ៖ កម្ពុជា-កូរ៉េ បានឯកភាពគ្នា បន្តកិច្ចសហការបន្ថែមទៀត ក្នុងវិស័យកសិកម្ម ដើម្បីផ្ដល់ជាប្រយោជន៍ ជួយដល់កសិករ។នេះបើយោងតាមជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាមួយ កញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម។
ក្នុងឱកាសនោះ លោក ឌិត ទីណា បានធ្វើការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ឱ្យមានសន្តិសុខស្បៀង និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មតាមគំរូថ្មី។
ជាមួយគ្នានោះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះដែរ គឺការជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានទុននិងធនធានគ្រប់គ្រាន់ ក្នុងការធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ និងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគបានប្រកបដោយទំនុកចិត្ត។
លោកបន្ថែមថា លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជាគោលនយោបាយគឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការសហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជា ផ្នែកថាមពលនិងប្រព័ន្ធស្រោចស្រព តាមរបៀបឆ្លាតវៃ ព្រមទាំងការគ្រប់គ្រងគុណភាពដីកសិកម្ម។
ទាក់ទងនឹងកសិកម្មឆ្លាតវៃទំនើបនេះដែរ លោករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យកសិកម្មលើការសិក្សាស្រាវជ្រាវបន្តផងដែរ។
ស្របពេលជាមួយគ្នានោះ ភាគីទាំងពីរ “បានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ធ្វើការពិនិត្យតាមដានជាមួយគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ ដែលនឹងជួយនិងផ្តល់ប្រយោជន៍ដល់កសិករ”៕