ភ្នំពេញ៖ សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចេញផ្សាយការសិក្សាស្រាវជ្រាវមួយស្តីពី «ការផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩» នៅប្រទេសកម្ពុជា។ ជាពិសេស ការសិក្សាវាយតម្លៃពីផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវលេខ ២៣ និង ៣១២) ដែលទទួលបានហិរញ្ញប្បទានពី ADB។ របាយការណ៍នេះ មានគោលបំណងកំណត់គម្លាតគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាព និងវាយតម្លៃពីភាពខុសគ្នា រវាងគោលនយោបាយ និង ការអនុវត្ត នៅក្នុងស្ថាប័នពាក់ព័ន្ធនានា។
ការសិក្សានេះបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ សម្រាប់ ធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាល រួមមានអនុសាសន៍ចំនួន៣ ផ្តោតលើ៖ គោលនយោបាយទូទាត់សំណងដោយឥតស្ម័គ្រចិត្ត គួរតែត្រូវបានធ្វើឡើងនៅដំណាក់កាលដំបូងបំផុតនៃគម្រោង ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និង ការលើកកម្ពស់លទ្ធភាពទទួលបានជំនួយហិរញ្ញវត្ថុរបស់ស្ត្រី។ អនុសាសន៍ ចំនួន៤ ផ្សេងទៀត ផ្តោតលើ៖ ការព្រមព្រៀងជារួមលើលក្ខខណ្ឌច្បាប់ ពាក្យបច្ចេកទេស និងគោលគំនិតស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ការពង្រឹងស្ថាប័នដោយការរួមបញ្ចូលចំណេះដឹង និងជំនាញរបស់ស្ថាប័នរយៈពេលវែង ការបង្កើតឧបករណ៍សមស្របសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម និងដំណោះស្រាយលើចំណេះដឹង និងជំនាញដែលនៅមានកម្រិតរបស់អ្នកបង្កើត និងអ្នកអនុវត្តគោលនយោបាយ ទាក់ទងនឹងសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ។
របាយការណ៍សិក្សាស្រាវជ្រាវបានបញ្ជាក់ថា៖ “សហគមន៍ពេញចិត្តចំពោះគម្រោងកែលម្អផ្លូវថ្នល់ និងសង្កត់ធ្ងន់លើចំណុចសំខាន់ចំនួន ៣ គឺ៖ (១) សហគមន៍បានទទួលយកលទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ (២) សហគមន៍បានទទួលស្គាល់នូវតម្រូវការនៃគម្រោងកែលម្អផ្លូវថ្នល់ ជាពិសេសបញ្ហាទាក់ទងទៅនឹងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍របស់ពួកគាត់ និង (៣) សហគមន៍បានកត់សំគាល់នូវអត្ថប្រយោជន៍ជាច្រើនដែលនឹងកើតចេញពីគម្រោងកែលម្អផ្លូវថ្នល់នេះ។ អត្ថប្រយោជន៍ទាំងនោះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទៅសាលារៀន ទីផ្សារ មន្ទីរពេទ្យ និងកសិដ្ឋាន ដែលវាពិតជាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពប្រចាំថ្ងៃ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់”។ ទោះជាយ៉ាងណាក៏ដោយ សហគមន៍ក៏បានសម្ដែងនូវការព្រួយបារម្ភអំពីការទូទាត់សំណងផងដែរ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា៖ ទោះបីជាមានការប្រកាន់ខ្ជាប់នូវក្របខណ្ឌច្បាប់ និងគោលនយោបាយក្នុងការធានាឱ្យមានការពិចារណាលើបរិស្ថាន សង្គម និងសេដ្ឋកិច្ចនៅក្នុងគម្រោងកែលម្អផ្លូវក៏ដោយ វាពិតជាចាំបាច់ដែលយើងត្រូវបង្ហាញផែនការទូទាត់សំណងឱ្យទាន់ពេលវេលា ដោយផ្តល់ឱ្យគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ជាមួយនឹងគម្រោងសំណងដែលអាចទទួលយកបាន និងមានរយៈពេលច្បាស់លាស់។ អនុសាសន៍គោលនយោបាយរបស់យើង ស្នើឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍គោលនយោបាយការពារសុវត្ថិភាព (Safeguards Policy Statement) របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការទូទាត់សំណងដោយឥតស្មគ្រចិត្ត អមដោយនីតិវិធីសមស្រប និងការយកចិត្តទុកដាក់ជាពិសេស ចំពោះតម្រូវការរបស់ស្ត្រី និងកុមារ។ វាមានសារៈសំខាន់ណាស់ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់ក្រុមដែលងាយរងគ្រោះទាំងនេះនៅក្នុងគម្រោងអភិវឌ្ឍន៍របស់យើង។
“លក្ខណៈវិនិច្ឆ័យនៃការរួមបញ្ចូលគោលគំនិត ESG និង និរន្តរភាពហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើសង្គម និង សេដ្ឋកិច្ច សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយ សមធម៌ បរិយាប័ន្ន និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាផលជះដែលយើងរំពឹងពីការអនុវត្តគម្រោង ដើម្បីចែករំលែកចំណេះដឹងឲ្យបានទូលំទូលាយ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ដែលបានពាំនាំពីលទ្ធផលស្រាវជ្រាវ។ ការសិក្សានេះ បានផ្តល់អនុសាសន៍ថា របកគំហើញនឹងត្រូវបានប្រើប្រាស់នៅក្នុងគោលនយោបាយ និងក្របខណ្ឌច្បាប់នានា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា» ថ្លែងដោយ លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិអង្គការ គ.ស.ក ។
ការសិក្សានេះ បានសន្និដ្ឋានជាមួយនឹងយោបល់ត្រឡប់ជាវិជ្ជមានពីសហគមន៍ដែលរងផលប៉ះពាល់ និងកត់សម្គាល់ឃើញថា គម្រោងកែលម្អផ្លូវ របស់ ADB បានប្រកាន់ខ្ជាប់នូវក្របខណ្ឌច្បាប់ និង គោលនយោបាយនានា ដើម្បីធានាឱ្យបាននូវការគិតគូរផលប៉ះពាល់លើបរិស្ថាន សង្គម និងសេដ្ឋកិច្ចសម្រាប់សហគមន៍ និងកម្ពុជាទាំងមូល។ លើសពីនេះ វាក៏បានផ្តល់អនុសាសន៍គោលនយោបាយ សម្រាប់ការចូលរួមគោលនយោបាយ និងរបៀបជម្រុញបៀបវារៈគោលនយោបាយស្តីពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងបង្កើនបរិយាបន្ន និងផលជះជាវិជ្ជមានសម្រាប់សហគមន៍ជាអតិបរិមា។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានសហការបោះពុម្ពផ្សាយដោយ អង្គការ គ.ស.ក និង សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍សិក្សាស្រាវជ្រាវស្តីពី «ការផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩» នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រពីអង្គការអុកស្វាមកម្ពុជា។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមចំនួនប្រមាណ ៥០នាក់ មកពីភាគីពាក់ព័ន្ធដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល ធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួង សាធារណៈការ និងដឹកជញ្ជូន និងយុវជន៕