ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ បញ្ជាក់ថា ក្នុងករណី បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តខុស បទបញ្ញត្តិ ក្នុងពេលប្រឡង នោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវ័ត្តិតែម្ដង។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ថ្ងៃទី២៧ តុលា ២០២៣ លោក ហង់ជួន ណារ៉ុន បានថ្លែងថា ដើម្បីរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ក្រសួងបានធ្វើការសហការ ជាមួយស្ថាប័នពាក់ព័ន្ធនានា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងអគ្គិសនីកម្ពុជា ជាដើម។
លោកបន្ថែមថា ក្រសួងក៏បានជ្រើសរើសអ្នកសង្កេតការណ៍ ដើម្បីជួយគាំទ្រដល់ដំណើរនៃការប្រឡងនេះផងដែរ។
ជាមួយគ្នានោះ លោកបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឯកភាព ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយចាប់ពីដំណើរការនៃសំណេរ រហូតដល់ការប្រកាសលទ្ធផលបញ្ចប់នៃការប្រឡង។
ពាក់ព័ន្ធជាមួយអ្នកសង្កេតការណ៍នេះផងដែរ លោករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា សម្រាប់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានី-ខេត្តមានចំនួន ៣០៤០នាក់។
លោកហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា សម្រាប់ការប្រឡងនេះ ក្រសួងបានដាក់ចេញនូវគោការណ៍ចំនួន៤ រួមមាន៖ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះជាប់»។
ជាមួយគ្នានោះ លោក ក៏បានលើកទឹកចិត្ត ឱ្យបេក្ខជនខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវរំលឹកមេរៀន ហើយអំពាវនាវ ឱ្យបេក្ខជន គោរពតាមបទបញ្ញត្តិនៃ ប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ជាប់នៅខ្លួន នូវឧបករណ៍ អេឡិចត្រូនិចគ្រប់ប្រភេទ ឬសំណេរ ឯកសារផ្សេងៗ នោពេលចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បេក្ខជនប្រព្រឹត្តផ្ទុយទៅនឹងបទបញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវ័ត្តិ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ដោយមានបេក្ខជនសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។ និងមានមណ្ឌលសំណេរ សរុបចំនួន ២២៧មណ្ឌល ស្មើ៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៧២មណ្ឌល ស្មើនឹង១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ស្មើនឹង៣.៨៦១បន្ទប់។ ចំណែកមណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌលនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់បន្ថែមថា ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្តចំនួនពីរដង គឺលើកទី១នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យនិងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡងលេខបន្ទប់ និងលេខតុ៕