ព្រះសីហនុ៖ លោក Voratat Tantimongkolsuk អគ្គនាយកក្រុមប្រឹក្សាពាណិជ្ជកម្មថៃបានដឹកនាំគណ:ប្រតភូវិនិយោគិនថៃជួបពិភាក្សាជាមួយមន្ត្រីខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងខេត្ត។
នៅក្នុងជំនួបភិភាក្សានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ ដល់គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត ជាការសបញ្ជាក់ពីទំនុកចិត្តចំពោះស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក។
លោបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុមានទិសដៅជំរុញការធ្វើពិពិធកម្មវិនិយោគនៅក្នុងខេត្ត។ ការជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅនៃការវិនិយោគពិតជាត្រឹមត្រូវ និងសមស្រប ដោយខេត្តព្រះសីហនុជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានធនធានធម្មជាតិក្រោមសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រាប់ទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ដែលបាននឹងកំពុងនាំភ្ញៀវមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ជាមួយគ្នានឹងការជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត។
លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការកើនឡើងនូវតម្រូវការ បន្ទប់ស្នាក់នៅយ៉ាងខ្លាំង ពោលគឺសណ្ឋាគារប្រណីតមួយចំនួនមានភ្ញៀវកក់ពេញ ជាពិសេសនាថ្ងៃចុងសប្តាហ៍ ដែលនេះជានិន្នាការងើបឡើងវិញនៃលំហូរទេសចរណ៍ជាតិ និងអន្តរជាតិ។
លោក Audstti Sroithong នាយកផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ បានថ្លែងអំណរគុណលោកអភិបាលរងខេត្ត មន្ត្រីខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើន មានរបៀបរៀបរយគួរឱ្យកោតសរសើរ។
លោកថ្លែងថា គោលបំណងនៃការដឹកនាំគណៈប្រតិភូមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺការផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មថៃ ជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងការចាប់យកឱកាសវិនិយោគ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបង្ហាញអំពីបំណងក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា ពិពរណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ និងការរត់ម៉ារ៉ាតុងនៅខេត្តព្រះសីហនុជាដើមផងដែរ៕