ឧក្រិដ្ឋជន ៧នាក់ដែលរំដោះអ្នកទោសគ្រឿងញៀនម្នាក់នៅខេត្តសៀមរាបត្រូវចាប់ខ្លួន

លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែសីហានេះ បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន៧នាក់ហើយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៉ីឈ្នួលដើម្បីធ្វើសកម្មភាព។

លោបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។

សូមរំលឹកថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច៕