កម្ពុជានឹងសាកល្បងដំណើការយន្តហោះចុះចតលើផ្ទៃទឹកនៅចុងឆ្នាំនេះ ជាលើកដំបូង

ភ្នំពេញ៖ នៅចុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន Royal Group Samra Seaplane នឹងដាក់ឱ្យដំណើរការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹករបស់ប្រទេសកម្ពុជាជាលើកដំបុង សម្រាប់ដឹកភ្ជៀវទេសចរណ៍នៅតាមតំបន់គោលដៅនានារបស់ប្រទេស។ នេះ បើតាមលោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍។

បន្ទាប់ពីពីបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Samra Seaplane ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹក នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ លោក ជួប រតនាប្រាប់ Khmer CM នៅថ្ងៃទី២៩ ខែកក្កដាថា ថា សេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹក នឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងចុះចតដល់គោលដៅទេសចរណ៍ចម្បងៗនៅតាមបណ្តាកោះឆ្នេរសមុទ្រកម្ពុជា និងខេត្តគោលដៅតំបនឦសាន្ត ជាដើម។

លោក ជួប រតនា ថ្លែងថា៖ “តាមផែនការ នៅក្នុងរដូវដែលមានភ្ញៀវច្រើន ឬhigh season ក្រុមហ៊ុននេះ គ្រោងសាកល្បងដាក់ដំណើរការមួយគ្រឿងដែលសេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹកនេះ មានភាពងាយស្រួល ប៉ុន្តែឥឡូវនេះគេកំពុងសិក្សាផ្នែកច្បាប់ ព្រោះច្បាប់យើងក៏មិនទាន់មានការគ្រប់ដណ្តប់អស់លើយន្តហោះហោះលើផ្ទៃទឹកនេះដែរ”។

បើតាមការពន្យល់ពីលោក ជួប រតនា យន្តហោះចុះចតលើផ្ទៃទឹកនេះ អាចផ្ទុកមនុស្សបានប្រមាណជា៨នាក់ ដែលវាជាកម្រិតស្តង់ដារល្អជាងគេមួយសម្រាប់ការធ្វើដំណើរ ហើយតម្លៃតាមផែនការប្រមាណជា២ពាន់ដុល្លារក្នុងមួយយន្តហោះនេះ។ ឧទាហរណ៍ថា ភ្ញៀវចង់ធ្វើដំណើរពីសៀមរាបទៅគេងនៅកោះសង្សារ គឺយន្តហោះនេះហោះពីសៀមរាបទៅចុះចតនៅកោះសង្សារតែម្តង ដែលវាមានភាពងាយស្រួលដែលអាចចុះចតលើផ្ទៃទឹកដូចជាទូកដែរ។

លោក ជួប រតនា បានបន្ថែមថា ៖ «នៅចុងឆ្នាំនេះ នៅក្នុងរដូវ high season គេគ្រោងនឹងយកមួយគ្រឿងមកសាកល្បងប្រើ ហើយពេលនេះគេកំពុងតែធ្វើការជាមួយនឹងរមណីយដ្ឋានទំនើបៗមួយចំនួនដូចជា កោះឬស្សី កោះសង្សារ កោះក្របីជាដើម ដោយនៅពេលដែលពួកគាត់លក់សំបុត្រទៅឱ្យអ្នកទេសចរបរទេស គេនឹងលក់នូវសំបុត្រយន្តហោះចតលើទឹកនេះដែរ ឬអាចលក់សេវាកម្មកម្សាន្តជាកញ្ចប់ភ្ជាប់ជាមួយនឹងសេវាយន្តហោះចតលើទឹកនេះតែម្តង»។

កាលពីដើមខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការលើយន្តហោះតាមសមុទ្រនៅប្រទេសកម្ពុជា។

លោក គិត ម៉េង ប្រធានក្រុមហ៊ុន The Royal Group បានលើកឡើងនាពិធីនោះថា លោកមានមោទនភាពក្នុងការចូលរួមកម្លាំងជាមួយក្រុមហ៊ុន Seaplane Asia និងសូមណែនាំក្រុមហ៊ុន Royal Group Samra Seaplane ដែលជាសេវាអាកាសចរណ៍សមុទ្រលំដាប់ខ្ពស់ដំបូងគេនៅកម្ពុជា។

ចំណែកលោក ដេននីស ខេលឡឺ (Dennis Keller) នាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited បាន លើកឡើងដែរថា កម្ពុជាមានសក្ដានុពលយ៉ាងធំធេងសម្រាប់ប្រតិបត្តិការលំហែកាយលើផ្ទៃ សមុទ្រ ដោយសារតែភាពស្រស់ស្អាត ធម្មជាតិដ៏អស្ចារ្យ និងសេដ្ឋកិច្ចរីកចម្រើន ក៏ដូចជាវិស័យ ទេសចរណ៍ផងដែរ៕