រដ្ឋសភានីតិកាលទី ៧ នឹងបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី ២១-២២ ខែសីហា ខាងមុខ

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ បានជូនដំណឹងថា រដ្ឋសភានីតិកាលទី៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានេះ រដ្ឋសភា បានតម្រូវ ឱ្យ អ្នកសារព័ត៌មាន ចូលយក ឬថតរូប នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ បំពេញនូវទម្រង់បែបបទ ដើម្បីនាយកដ្ឋានព័ត៌មានរៀបចំធ្វើប័ណ្ណ ចេញ-ចូលជូន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ល្ងាច។

តាមផែនការ សម័យប្រជុំសភា លើកដំបូងនេះ នឹងមានការយាងបើក ពីសំណាក់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ផងដែរ។

ការបើកសម័យប្រជុំរបស់រដ្ឋសភាជាលើកដំបូង នេះ ត្រូវបានគេដឹងថាក្រោយពេលដែល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និង ប្រកាសលទ្ធបោះឆ្នោតជាផ្លូវការ ត្រូវបានបិទបញ្ចប់ ។

តាមលទ្ធផលបឋមនៃការបោះឆ្នោតនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈនៅក្នុងរដ្ឋសភាចំនួន ១២០ និងគណបក្សហ៊ុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ នៃចំនួន អាសនៈសរុប របស់រដ្ឋសភា ខណៈគណបក្សនយោបាយចំនួន ១៦ ផ្សេងទៀត ដែលចូលរួមការបោះឆ្នោតនេះ មិនទទួលបានអាសនៈនោះទេ៕