កសិដ្ឋានចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់​ ចាប់ផ្តេីមប្រមូលផលជាបណ្តេីរៗ

ភ្នំពេញ៖ ភូមិដំណាក់ខ្ចាស់ ជាភូមិមួយក្នុងចំណោមភូមិទាំង៨ស្ថិតក្នុងឃុំសំបួរ ដែលមានចំនួនគ្រួសារច្រើនជាងគេ ហើយក្នុងភូមិនេះ មានគ្រួសារមួយបានចិញ្ចឹមត្រីក្រាញ់បែបលក្ខណៈគ្រួសារលើទំហំផ្ទៃដី៦០ម៉ែត្រ x ១០០ ម៉ែត្រ ដែលទីតាំងចិញ្ចឹមនេះ គឺស្ថិតនៅវាលស្រែចុងរលំ។

លោក ឆន ឈី ជាកសិករភូមិដំណាក់ខ្ចាស់ បានជីកក្រវ៉ាត់ព័ន្ធជុំវិញកម្ពស់៧ម៉ែត្រ ទំហំ៤ម៉ែត្រ ដើម្បីការពារទឹកជំនន់នារដូវវស្សា ហើយផ្ទៃខាងក្នុងក្រវ៉ាត់ មានស្រះតូចៗ ដើម្បីដាក់ពូជត្រីតាមអាយុកាល ព្រមទាំងមានស្រះបង្កាត់ពូជផងដែរ។

កសិករ ឆន ឈី បានរៀបរាប់ប្រាប់ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះនេះ កាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១៥០០គីឡូក្រាម បើគិតជាចំនួនគឺ១៤០,០០០ក្បាល(ដប់បួនមុឺនក្បាល) ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា និងចំណីផលិតដោយខ្លួនឯង ហើយរយៈពេលដាក់ចិញ្ចឹមគឺមានចំនួន៥ខែហើយ បើគិតមកដល់ពេលនេះ។

កសិករ ឆន ឈី បានបន្ថែមថា គ្រួសារគាត់ចាប់ផ្តើមប្រមូលផលត្រីបណ្តើរៗ ហើយ ដែលត្រីចំនួន៥-៦ក្បាល ស្មើនឹង១ គីឡូក្រាម ឯតម្លៃវិញ ក្នុង១ គីឡូក្រាម គឺតម្លៃ១មុឺនរៀល។

កសិកររូបនេះ បានបញ្ជាក់ថា ការចិញ្ចឹមត្រីក្រាញ់ គឺមិនខ្វះទីផ្សារលក់ចេញនោះទេ ព្រោះកន្លងមក មានម្ចាស់ភោជនីយដ្ឋានធំៗ មួយចំនួនទាក់ទងទិញ តែលោកមិនសូវចាប់អារម្មណ៍រឿងលក់ចេញទេ ដោយសារមានគោលបំណងបង្កាត់ពូជសម្រាប់ចិញ្ចឹមអោយចំនួន៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ ជាប្រចាំថ្ងៃ៕