រយៈពេល ៣០ឆ្នាំមកនេះ ភ្នាក់ងារអភិវឌ្ឍន៍បារាំង បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ

ភ្នំពេញ៖ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ភ្នាក់ងារអភិវឌ្ឍន៍បារាំង បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ លើទី១- វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល, ទី២- ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស និងទី៣- សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យ ភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា។

ក្នុងជំនួពិភាក្សាការងារជាមយយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២១ ខែកុម្ភៈនេះ លោក Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ វត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ក្នុងឱកាសនោះដែរ លោក ក៏បានលើកឡើកឡើង អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងអំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេច បញ្ជាក់ អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។

សម្តេចបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា៕
ដោយ៖ ពុទ្ធិពល