មហាជនចេញញត្តិថ្កោលទោសទណ្ឌិត សម រង្សី ដែលបានប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រទេសកម្ពុជាបានចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ញត្តិបន្ទោស ដែលបានប្រមាថ អង្គ ព្រះមហាក្សត្រជីវិតតម្កល់លេីត្បូង ជាទីគោរពសក្ការៈ និងជាម្លប់ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។

ការចញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ព្រោងព្រាតនៅលើបណ្តាញសង្គម ពីបណ្តាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិកសភា និង ពលរដ្ឋ ធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជសារ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

តាមរយៈញ្ញត្តិនានា បានចាត់ទុកការប្រមាថ ពីសំណាក់ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី នៅពេលនេះ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ញត្តិមហាជនទាំងនោះបានស្នើ ដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់ត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះទណ្ឌិតអន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមានយ៉ាងគឃ្លើននេះ។

តាមរយៈញត្តិនានាបានប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ពុទ្ធិពល