ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ CDC អនុម័ត គម្រោងវិនិយោគជប៉ុន១៥០ គម្រោង ក្នុងទុនវិនិយោគ ២,៩ ពាន់លានដុល្លារ

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )បានអនុម័ត តម្រោងវិនិយោគជប៉ុន ចំនួន១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារអាមេរិក។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា ក្នុងនោះគម្រោងលេចធ្លោមានដូចជា គម្រោងវិនិយោគផ្សារទំនើប, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំ និង ដំឡើងរថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច, តម្រោងវិនិយោគបង្កើតរោងចក ផលិតឧបករណ៍អគ្គិសនី, និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យ ជាដើម។

ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណះកម្មាធិការចម្រុះកម្ពុជា-ជប៉ុននៅ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Atsushi UENO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បាន ប្ដេជ្ញាបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោក Yogo Kanda) ប្រធានសមាគម JBAC បានលើកឡើងពីក្តីសោមនស្សរបស់ខ្លួនក្នុងនាមតំណាងក្រុមហ៊ុនជប៉ុនដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគ នៅកម្ពុជា ដោយបានលើកជូនអង្គប្រជុំអំពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ដែលបានបើកឱ្យដំណើរការផ្សារទំនើប AEON សាខាទី៣, ក្រុមហ៊ុន MinebeaMitsumi ដែលបានប្រារព្ធពិធីអបអរសាទរខួបលើក11នៃប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា និងក្រុមហ៊ុន Sumni Wiring ដែលបានពង្រីកបន្ថែមរោងចក្រទី៣ កាលពីឆ្នាំ២០២៣ ជាដើម។

លោកប្រធានសមាគមបានបន្ថែមថា ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជានឹងក្លាយ ជាកាតាលីករ ដ៏សំខាន់ក្នុងការទាក់ទាញធុរជន និងវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម ទៀត។

នៅក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា តាងនាមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹង ការងារពាណិជ្ជកម្ម និងវិនិយោត បានប្ដេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយក្នុងគោលបំណងឱ្យកម្ពុជា ក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនទាំងអស់ ចាប់អារម្មណ៍ទៅលើទស្សនាទានថៃ+១ និងវៀតណាម+១ បន្ថែមទៀត៕ ដោយ៖ ពុទ្ធិពល