ឱកាសការងារថ្មី ជិត ៦០០ កន្លែងនឹងផ្តល់ជូនយុវជននៅថ្ងៃទី ២៣ ខែកុម្ភៈ

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ ដោយមានក្រុមហ៊ុនធំៗចំនួន៨ ចូលរួមផ្តល់ឱកាសការងារសរុបចំនួន ៥៩២ កន្លែង។ វេទិកាការងារនេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៨ក្នុងនោះមាន៖ ហាងម៉ាស្ទ័រ ស៊ុគីស៊ុប ក្រុមហ៊ុន WOW NOW ក្រុមហ៊ុន KOFI, វ័នម៉រ, ធនាគារឯកទេស AEON ក្រុមហ៊ុន Land &home EL&H ធនាគារមហានគរ និងក្រុមហ៊ុន Truemoney។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

លោក ពេជ្រ រដ្ឋា បុគ្គលិកជ្រើសរើសបុគ្គលិកធនាគារ AEON បានលើកឡើងថាលោកពិតជាមានសេចក្តីសោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី២៣ ខាងមុខនេះ ដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាច្រើនកន្លែង និងគ្រប់មុខតំណែង ជូនដល់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារផងដែរ។

លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារអោយមានឱកាសជួបសម្ភាសន៍ការងារផ្ទាល់។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕ ដោយ៖ ពុទ្ធិពល