ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរក្សាវប្បធម៌ ប្រពៃណីបែប បុរាណរបស់អ្នកស្រុក និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាពរបស់អ្នកស្រុកភូមិផងដែរ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអង្គភាពសារព័ត៌មាន Khmer CM ទទួលបាននៅថ្ងៃទី ១៥ ខែមករា នេះ បានឱ្យដឹងថា ការចាប់ត្រីនឹងចាប់ផ្តើមនៅម៉ោង ៩ ព្រឹកតទៅ នៅបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំពោះឧបករណ៍ សម្រាប់ចាប់ត្រីរួមមាន អង្រុត, ឈ្នាង ,ត្រក,ក្លុះ រួមទាំងឧបករណ៍ចាប់ត្រីបែបបុរាណផ្សេងទៀត។
សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ បន្ទាប់ពីបងប្អូនប្រជាកសិករ បានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ គឺតែងតែធ្វើប្រារព្ធពិធីចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ។
ប្រជាពលរដ្ឋប្រមាណជាង ៦ ម៉ឺននាក់ មកពី ឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ហើយក៏មានបងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ ដែលបានចូលរួមចាប់ត្រីកម្សាន្តនៅខេត្តត្បូងឃ្មុំនេះ ប្រកបដោយស្មារតីភាតរភាពសាមគ្គីភាព ស្រឡាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ៕