សៀមរាប៖ រាជបណ្ឌិត្យសភាកម្ពុជា និង សារព័ត៌មានជាតិនិងរដ្ឋបាលបោះពុម្ពផ្សាយនៃសាធារណរដ្ឋប្រជាមានិតចិនចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាសហការណ៍លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ» រួមមាន សៀវភៅបុរាណ សៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ ជាដើម ដោយបកប្រែពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកជាភាសាខ្មែរ។
ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ រវាង លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោក SUN Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីនិងលេខាធិការនៃក្រុមការងារឈានមុខ ក្រសួងវប្បធម៌និងទេសចរណ៍ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ អនុប្រធានគណៈចលនាមហាជន និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក LI Shu Lei សមាជិកនៃការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
បើតាម រាជបណ្ឌិត្យសភាកម្ពុជា កិច្ចសហប្រតិបត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង សហការណ៍លើគម្រោង «ការបកប្រែនិងការបោះពុម្ពផ្សាយស្នាដៃសៀវភៅ» រួមមាន សៀវភៅបុរាណ សៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ ជាដើម ដោយបកប្រែពីភាសាខ្មែរទៅភាសាចិន និងពីភាសាចិនមកជាភាសាខ្មែរ។
លោក សុខ ទូច បានថ្លែងថា នៅពេលខាងមុខនេះ យើងនឹងបកប្រែបោះពុម្ពសៀវភៅចំនួន ៥ចំណងជើងគឺ៖ ១-សៀវភៅស្តីពី «ទីតាំងរមណីយដ្ឋាននិងទេសចរណ៍កម្ពុជា» ២-សៀវភៅស្តីពី «សម្លៀកបំពាក់តាមរយៈចម្លាក់អប្សរា នៅប្រាសាទអង្គរវត្ត» ៣-សៀវភៅស្តីពី «សិលាចារឹកខ្មែរ» ៤- សៀវភៅស្តីពី «ម៉ូតសម្លៀកបំពាក់ខ្មែរ» និង ៥- សៀវភៅស្តីពី «ប្រវត្តិសាស្ត្រខ្មែរ»។
ទំនាក់ទំនងកម្ពុជា ចិន កន្លងមក ត្រូវបានប្រសិទ្ធនាមថាជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំងពីរទទួលបានផលប្រយោជន៍រៀងៗខ្លួនសម្រាប់ជាតិ និងប្រជាជន និងបានពង្រឹងមិត្តភាពកាន់តែស្អិតរមួតលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរលើវិស័យ វប្បធម៌ ទេសចរ អប់រំ និងកីឡា និងវិស័យផ្សេងទៀត ដែលជាការចូលរួមចំណែកពង្រីកវិសាលភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់៕