ប៉ារីស៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថា បើសម្តេចជួបជាមួយនឹងដៃគូរអន្តរជាតិ ត្រឹម ១៥ នាទី ដើម្បីទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា សម្តេច នឹងជួបដៃគូរអន្តរជាតិនោះ ទោះជាច្រើនប៉ុណ្ណាក៏ដោយ សម្តេច មិនគិតពីការនើយហត់នោះទេ ។
សម្តេច ហ៊ុន ម៉ាណែត បានលើឡើងបែបនេះ ក្នុងពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ។
នាឱកាសនោះសម្តេច បានលើកឡើងថា វត្តមានរបស់សម្តេចនៅអឺរ៉ុបរយៈពេល៦ថ្ងៃនេះ គឺដើម្បីចូលរួមកិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង ដោយសម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ ។
សម្តេច ហ៊ុន ម៉ាណែតបញ្ជាក់ទៀតថា កម្មវិធីច្រើន ហើយមមាញឹកបែបនេះ មិនមែនដោយសារជំនួយការនោះទេ តែដោយសារការសម្រេចចិត្តរបស់សម្តេចផ្ទាល់តែម្តង ពីព្រោះថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួប ដោយមិនខ្វល់ពីការនឿយហត់ ហើយ វត្តមានរបស់សម្តេចនៅក្រៅប្រទេសនាពេលនេះ គឺជាការដើរគាស់ទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស លើកនេះ។
ជាមួយគ្នានោះ សម្តេចហ៊ុន ម៉ាណែត ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។ ហើយនៅឆ្នាំ២០២៦ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ៕