សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី០១ ខែតុលា ២០២២នេះថា វត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មិនមានការរុះរើនោះទេ គឺរក្សានៅដដែល។ ជាមួយគ្នានេះ សម្ដេចក៏មិនអនុញ្ញាតឱ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ។
ទន្ទឹមនឹងនេះ សម្ដេចមិនអនុញ្ញាតឱ្យមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋដែលលក់ដូរ នៅតំបន់នោះឱ្យបានល្អប្រសើរ។
ក្រៅពីនោះ មិនអនុញ្ញាតឱ្យមានការកសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ ហើយក៏មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាមក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ។
បញ្ហាទាំងនេះ សម្តេចបានណែនាំឱ្យ អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឱ្យបាន៕
ដោយ៖ គង់ សេដ្ឋាមុនី