កំពង់ធំ៖ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ និងលោកវរៈសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២០នាក់ ដោយសហការជាមួយប្រជាពលរដ្ឋ លោកមេភូមិ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ បងប្អូនប្រជាពលរដ្ឋនៅភូមិកំពង់ឈើទាល ភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
«លោក ឃីម សុខឃាង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងមូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកប្រាសាទសំបូរ នៅឃុំតាំងក្រសៅ និងឃុំឈូកបានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេ ដែលបណ្ដាលឱ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាន និងផ្លូវលំមួយចំនួន»។ នេះបើតាម ទីភ្នាក់ងារ AKP។
លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយសារស្ថានភាព អាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវឥទ្ធិពលទឹកភ្លៀងជាបន្តបន្ទាប់ថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ហេតុនេះហើយ សូមបងប្អូនបង្កើនការប្រយ័ត្នខ្ពស់។ ទន្ទឹមនេះ សូមប្រុងប្រយ័ត្នចំពោះកូនចៅក្មេងតូចៗកុំបណ្ដោយឱ្យលេងទឹក និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ។ រដ្ឋបាលឃុំត្រូវតាមដាន និងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឱ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលស្រុក ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក និងលោកមេបញ្ជាការផ្នែកសឹករងស្រុក ក៏បានចុះជួយច្រកដីខ្សាច់ទប់ទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវនៅចំណុចពីភូមិកំពង់ឈើទាល ទៅភូមិតាំងក្រងដែលមានចម្ងាយ ១ ២០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកអភិបាលស្រុកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានសូមជួយកាយលូដែលស្ទះនៅតាមភូមិឋានរបស់ខ្លួន ដើម្បីជួយសម្រួលការរំដោះទឹកឱ្យបានទាន់ពេលវេលា និងដើម្បីកុំឱ្យមានការកកស្ទះយូរថ្ងៃ។ លើសពីនេះទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងស្ទឹងសែនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះទឹកជំនន់នៅតែឡើងជាបន្តបន្ទាប់៕
ដោយ៖ គង់ សេដ្ឋាមុនី