ភ្នំពេញ៖ តាមរយៈផេកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឱ្យដឹងថា សាកលវិទ្យាល័យនឹងបើកបង្រៀនភាសាបរទេសថ្មីៗបន្ថែមទៀតលើភាសាដែលមានស្រាប់ដូចជា អង់គ្លេស បារាំង ចិន ជប៉ុន។ល។
លោក ជេត ជាលី បានសរសេរបញ្ជាក់ថា «ក្នុងពេលខាងមុខ RUPP នឹងមានបង្រៀនភាសាបរទេសពីរទៀត គឺភាសាទួរគី (Turkish Language) និងភាសាអេស្បាញ (Spanish Language)។ សាកលវិទ្យាល័យយើងកំពុងធ្វើកិច្ចការបច្ចេកទេសលើរឿងនេះ»។
ការបង្ហើបឱ្យដឹងនេះ បន្ទាប់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញទើបសម្រេចបើកដេប៉ាតេម៉ង់ភាសាវៀតណាមនាពេលថ្មីៗនេះ៕
ដោយ៖ គង់ សេដ្ឋាមុនី